វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី២១ ខែឧសភា) នេះ បានបញ្ជាក់ប្រាប់ថា ប្រទេសរុស្ស៊ីនឹងការពារនាវារបស់ខ្លួន ដែលប្រើប្រាស់ផ្លូវសមុទ្របាល់ទិក ជាមួយនឹងគ្រប់មធ្យោបាយដែលមាន ហើយថា ការប៉ុនប៉ងមិនបានសម្រេចរបស់អេស្តូនី ក្នុងការរឹបអូសនាវាដឹកប្រេងនៅទីនោះ ថ្មីៗនេះ បានបង្ហាញថា ទីក្រុងមូស្គូអាចឆ្លើយតបដោយវិធានការតឹងរ៉ឹង ប្រសិនបើចាំបាច់។
អេស្តូនីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ទីក្រុងមូស្គូបានបញ្ជូនយន្តហោះចម្បាំងរយៈខ្លីចូលទៅក្នុងដែនអាកាសរបស់អង្គការណាតូ នៅលើសមុទ្របាល់ទិក អំឡុងពេលមានការប៉ុនប៉ងរបស់អេស្តូនី ដើម្បីបញ្ឈប់នាវាដឹកប្រេងឆ្ពោះទៅរុស្ស៊ី ដែលត្រូវបានគិតថា ជាផ្នែកនៃ «កងនាវាស្រមោល» ដែលផ្គើននឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងមូស្គូ។
បន្ទាប់មកកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក រុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងធំជាងគេទី២ របស់ពិភពលោក បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានឃាត់នាវាដឹកប្រេងដែលគ្រប់គ្រងដោយក្រិក នៅក្នុងដែនទឹករុស្ស៊ី បន្ទាប់ពីវាបានចាកចេញពីកំពង់ផែអេស្តូនី។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍សាធារណៈ ERR របស់អេស្តូនី។
ការឃាត់នាវានេះ ដែលបន្ទាប់មកត្រូវបានរុស្ស៊ីដោះលែង បានជំរុញឲ្យមានក្ដីបារម្ភ អំពីការរំខានដល់ការដឹកជញ្ជូន នៅក្នុងផ្លូវសមុទ្របាល់ទិកដ៏មមាញឹកដែលត្រូវបានប្រើប្រាស់ ដើម្បីដឹកជញ្ជូនប្រេង។
នៅពេលត្រូវបានសួរថា តើរុស្ស៊ីអាចធ្វើអ្វីបាន ដើម្បីការពារផលប្រយោជន៍ដឹកជញ្ជូនរបស់ខ្លួន នៅសមុទ្របាល់ទិកពីអ្វីដែលទីក្រុងមូស្គូ បានពិពណ៌នាថា ជាសកម្មភាពអរិភាពពីរដ្ឋសមាជិកសហភាពអឺរ៉ុប និងអង់គ្លេស អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ខណៈព្រឹត្តិការណ៍ចុងក្រោយបំផុតទាក់ទងនឹងការប៉ុនប៉ងវាយប្រហាររបស់ចោរសមុទ្រ លើនាវាដឹកប្រេងមួយ បានកើតឡើង រុស្ស៊ីបានបង្ហាញឲ្យឃើញថា ខ្លួនមានសមត្ថភាពឆ្លើយតបយ៉ាងខ្លាំងក្លា»។
លោក Peskov បានសង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើប្រាស់ «គ្រប់មធ្យោបាយ» ដែលខ្លួនមាន នាពេលអនាគត ដើម្បីឆ្លើយតបទៅនឹងហេតុការណ៍បែបនេះ នៅក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ ហើយមានជម្រើសឆ្លើយតបជាច្រើនដែលត្រូវជ្រើសរើស៕