យោធាអ៊ុយក្រែន នៅថ្ងៃពុធ (ទី២១ ខែឧសភា) នេះ បានប្រាប់ថា ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន បានត្រូវចំរោងចក្រឧបករណ៍បន្ទះឈីប នៅក្នុងតំបន់ Oryol ភាគខាងលិចនៃប្រទេសរុស្ស៊ី ដែលផ្គត់ផ្គង់ដល់ការផលិតយន្តហោះចម្បាំង និងមីស៊ីលរុស្ស៊ី។
តាមរយៈកម្មវិធីផ្ញើសារ Telegram យោធាបានឲ្យដឹងថា យានដ្រូនចំនួន ១០គ្រឿង បានទៅដល់តំបន់គោលដៅ ហើយអគ្គិភ័យបានឆាបឆេះឡើង។ យោធាបានបន្ថែមថា រោងចក្រ Bolkhovsky Semiconductor Devices Plant ផ្គត់ផ្គង់សហគ្រាសរុស្ស៊ីជាច្រើន ក្នុងនោះរួមទាំងមួយចំនួនដែលពាក់ព័ន្ធនឹងការផលិតមីស៊ីល Iskander និង Kinzhal ផងដែរ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា៖ «នេះគឺជាសហគ្រាសឈានមុខគេមួយ នៅក្នុងដែនដីសហព័ន្ធរុស្ស៊ី ក្នុងវិស័យអភិវឌ្ឍន៍ និងផលិតឧបករណ៍ និងសមាសធាតុបន្ទះឈីប»។
ភ្លាមៗនេះ មិនទាន់មានការអត្ថាធិប្បាយនៅឡើយទេ អំពីការវាយប្រហារនេះពីទីក្រុងមូស្គូ ដែលបានចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំចូលដែនដីអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។
គួរបញ្ជាក់ថា អ៊ុយក្រែនបានបង្កើនការវាយបកកាន់តែខ្លាំងឡើងៗ ប្រឆាំងនឹងការវាយប្រហារជាប្រចាំ ដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ី ដោយយានដ្រូនផលិតក្នុងស្រុក៕