អឺរ៉ុប៖ ប្រធានសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen កាលពីថ្ងៃពុធ ទី១៥ ខែធ្នូបានព្រមានថា វីរុស COVID-19 បម្លែងខ្លួនថ្មី Omicron អាចមានឥទ្ធិពលឆ្លងខ្លាំងនៅអឺរ៉ុបនៅខែក្រោយ ប៉ុន្តែបាននិយាយថា ប្លុកដែលមានសមាជិក ២៧ប្រទេសរបស់លោកស្រីមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ។

លោកស្រី Ursula von der Leyen បានប្រាប់សភាអឺរ៉ុបដោយចង្អុលទៅទិន្នន័យវិទ្យាសាស្ត្រថា ប្រសិនបើអ្នកក្រឡេកមើលពេលវេលាដែលត្រូវការសម្រាប់ករណីថ្មីកើនឡើងទ្វេដង វាហាក់ដូចជាកើនឡើងទ្វេដងរៀងរាល់ ២ ឬ ៣ថ្ងៃម្តង។ ហើយចំនួននោះច្រើនណាស់។ មានគេប្រាប់យើងថានៅពាក់កណ្តាលខែមករា យើងគួរតែរំពឹងថាវីរុសបម្លែងខ្លួនថ្មី Omicron នឹងក្លាយជាវីរុសមានឥទ្ធិពលចម្លងខ្លាំងថ្មីមួយនៅក្នុងទ្វីបអឺរ៉ុប។ លោកស្រីបាននិយាយថា ប៉ុន្តែក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ យើងបានធ្វើការយ៉ាងលំបាក ហើយយើងសម្រេចបាននូវកិច្ចព្រមព្រៀងដ៏អស្ចារ្យមួយ នោះជាមូលហេតុដែលអឺរ៉ុបស្ថិតក្នុងស្ថានភាពប្រសើរជាងឥឡូវនេះ ក្នុងប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។
លោកស្រី Ursula von der Leyen បានទទូចថា បច្ចុប្បន្ននេះមានដូសវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់គ្រប់ប្រទេសទាំងអស់នៅទ្វីបអឺរ៉ុប ខណៈបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបជំរុញឱ្យផ្តល់ដូសបន្ថែម ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី Omicron ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចំនួន៧៧ នៅទូទាំងពិភពលោក៕
អត្ថបទ៖ សុខមាន