វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី២១ ខែឧសភា) បានចង្អុលបង្ហាញថា ផែនការខែលការពារមីស៊ីល «Golden Dome» របស់ប្រធានាធិបតីអាមេរិក លោក Donald Trump អាចជំរុញឲ្យមានការចាប់ផ្ដើមឡើងវិញនាពេលអនាគតនូវទំនាក់ទំនង រវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ។
នៅពេលត្រូវបានសួរអំពីការប្រកាសរបស់លោក Trump ដែលថា លោកបានជ្រើសរើសការរចនា សម្រាប់ខែលការពារមីស៊ីល Golden Dome ដែលមានតម្លៃ ១៧៥ពាន់លានដុល្លារ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយថា វាគឺជាបញ្ហាអធិបតេយ្យ សម្រាប់សហរដ្ឋអាមេរិក។
ប្រព័ន្ធការពារមានឈ្មោះ «Golden Dome» ដែលត្រូវបានបំផុសគំនិតដោយខែលការពារ Iron Dome មានមូលដ្ឋានលើដែនដីរបស់អ៊ីស្រាអែល គឺជាគម្រោងដ៏ធំមហិមាមួយ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងទប់ស្កាត់ការគំរាមកំហែងពីប្រទេសចិន និងរុស្ស៊ី ដែលសហរដ្ឋអាមេរិកចាត់ទុកថា ជាគូប្រជែងភូមិសាស្ត្រនយោបាយដ៏ធំបំផុតទាំង២ របស់ខ្លួន។
លោក Peskov ដែលត្រូវបានសួរថា តើរុស្ស៊ីបានឃើញគម្រោងនេះថា ជាការគំរាមកំហែងដល់សមភាពនុយក្លេអ៊ែររបស់ខ្លួនជាមួយអាមេរិកដែរ ឬទេ បាននិយាយថា មិនមានព័ត៌មានលម្អិត អំពីគម្រោងរបស់សហរដ្ឋអាមេរិកទេ ហើយចម្ងល់ជាច្រើននៅតែមានដដែល។ លោក Peskov បានបញ្ជាក់ថា៖ «នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ ដំណើរនៃព្រឹត្តិការណ៍នានា តម្រូវឲ្យមានការចាប់ផ្ដើមឡើងវិញនូវទំនាក់ទំនង ស្ដីអំពីបញ្ហាស្ថិរភាពយុទ្ធសាស្ត្រ»។
គួរបញ្ជាក់ថា រុស្ស៊ី និងអាមេរិក ដែលរហូតមកដល់ពេលនេះ គឺជាមហាអំណាចនុយក្លេអ៊ែរធំបំផុតជាងគេ បានសម្តែងការសោកស្តាយដូចគ្នា ចំពោះការដួលរលំនៃសន្ធិសញ្ញាគ្រប់គ្រងអាវុធ ដែលស្វែងរកការបន្ថយការប្រកួតប្រជែងអាវុធ និងហានិភ័យនៃការមានសង្គ្រាមនុយក្លេអ៊ែរ៕