យោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅដើមសប្តាហ៍នេះ បានឲ្យដឹងថា ភ្លើងឆេះព្រៃទ្រង់ទ្រាយធំបង្កឡើងដោយសារបម្រែបម្រួលអាកាសធាតុ នាំឲ្យមានការបាត់បង់ព្រៃឈើសកលបំបែកកំណត់ត្រាកាលពីឆ្នាំ ២០២៤ ។
ការបាត់បង់ព្រៃត្រូពិកក្នុងឆ្នាំ ២០២៤ បានកើនឡើងដល់ ៦,៧លានហិចតា ពោលគឺកើនឡើង ៨០ភាគរយធៀបនឹងឆ្នាំ ២០២៣ ហើយតំបន់ទំហំប៉ុនប្រទេសប៉ាណាម៉ា ភាគច្រើននៅប្រទេសប្រេស៊ីលដែលជាប្រទេសម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាកាសធាតុបន្ទាប់នៅខែវិច្ឆិកា ពិបាកទប់ស្កាត់ភ្លើងឆេះព្រៃនៅតំបន់ព្រៃឈប់ភ្លៀងអាម៉ាហ្សូន ស្របពេលជួបគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតពុំធ្លាប់រកឃើញនៅតំបន់ព្រៃជប់ភ្លៀងមួយនេះ ។
ប្រទេសជាច្រើនទៀតរួមទាំងប្រទេសបូលីវី និងកាណាដា ត្រូវបានបំផ្លិចបំផ្លាញផងដែរដោយសារភ្លើងឆេះព្រៃ ។ វាគឺជាលើកដំបូងហើយដែលរបាយការណ៍ប្រចាំឆ្នាំចេញដោយវិទ្យាស្ថានធនធានពិភពលោក និងសាកលវិទ្យាល័យ Maryland បង្ហាញថា ភ្លើងឆេះព្រៃគឺជាមូលហេតុឈានមុខគេនៃការបាត់បង់ព្រៃត្រូពិក ។
របាយការណ៍នេះ និយាយថា អាមេរិកឡាទីន រងផលប៉ះពាល់ខ្លាំងជាងគេ ក្នុងនោះជីវសហគមន៍ព្រៃជប់ភ្លៀងអាម៉ាហ្សូន បាត់បង់ព្រៃកម្រិតខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ២០១៦ ។
ប្រេស៊ីលដែលរួមចំណែកព្រៃត្រូពិកធំបំផុតនៅលើពិភពលោក បានបាត់បង់ព្រៃឈើចំនួន ២,៨លានហិចតា ដែលជាការបាត់បង់ព្រៃឈើច្រើនបំផុតជាងប្រទេសណាៗទាំងអស់ ។
ដោយឡែក ប្រទេសបូលីវីនាំមុខសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោជាប្រទេសឈនៅលំដាប់ទី ២ បាត់បង់ព្រៃត្រូពិកច្រើនបំផុត ៕
