លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និយាយថា អ៊ីស្រាអែលប្រហែលជាបានសម្លាប់លោក Mohammed Sinwar ជាមេដឹកនាំតាមជាក់ស្ដែងរបស់ក្រុមហាម៉ាស នៅហ្កាហ្សា។

លោក Netanyahu បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃពុធសប្ដាហ៍នេះថា ពួកលោកបានលុបបំបាត់ភេរវកររាប់ម៉ឺននាក់។យើងបានកម្ចាត់មេដឹកនាំឃាតករ Deif, Haniyeh, Yahya Sinwar និងប្រហែលជា Mohammad Sinwar ម្នាក់ទៀត ។

អ៊ីស្រាអែលបានកំណត់គោលដៅលើមេដឹកនាំ Sinwar ក្នុងការវាយប្រហារទ្រង់ទ្រាយធំលើមន្ទីរពេទ្យអឺរ៉ុបក្នុងទីក្រុង Khan Younis កាលពីសប្តាហ៍មុន។ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថាបន្ទាប់ពីការវាយប្រហារប្រជាជនប៉ាឡេស្ទីន២៨នាក់បានស្លាប់ និងរបួសជាង៥០នាក់ផ្សេងទៀត។
ប្រសិនបើការស្លាប់របស់លោក Sinwar ត្រូវបានបញ្ជាក់ នោះនឹងក្លាយជាការធ្វើឃាតចុងក្រោយបំផុតដែលបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ការដឹកនាំរបស់ក្រុមនេះ ប៉ុន្តែមិនទាន់អាចបំបែកការក្តាប់អំណាចក្រុមនេះនៅតំបន់ហ្កាហ្សាបាននៅឡើយ។

លោក Sinwar គឺជាប្អូនប្រុសរបស់អតីតមេដឹកនាំលោក Yahya Sinwar ដែលត្រូវបានសម្លាប់ដោយយោធាអ៊ីស្រាអែលនៅភាគខាងត្បូង ហ្កាហ្សា កាលពីខែតុលាឆ្នាំមុន។
ទូរទស្សន៍ CNN បានទាក់ទងទៅក្រុមហាម៉ាសដើម្បីសុំការអត្ថាធិប្បាយ តែពុំទាន់មានការបញ្ជាក់ពីការស្លាប់ជាផ្លូវការណ៍ណាមួយពីក្រុមហាម៉ាសនៅឡើយទេ៕