មនុស្សរាប់សិបនាក់ បានរងរបួស ក្នុងអំឡុងការតវ៉ាយ៉ាងតានតឹងមួយនៅខាងក្រៅសភារបស់ប្រទេសអាហ្សង់ទីន កាលពីថ្ងៃពុធ (២១ ឧសភា) ជាទីដែលសកម្មជន និងពលរដ្ឋចូលនិវត្តន៍អាហ្សង់ទីន បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មទាមទារប្រាក់សោធនខ្ពស់ជាងមុន នេះបើយោងតាមការរាយការណ៍ពីសាក្សីរបស់សារព័ត៌មានរ៉យទ័រ។

ខ្សែវីដេអូទូរទស្សន៍បានបង្ហាញពីបាតុករ និងសកម្មជនវ័យចំណាស់ជាច្រើននាំគ្នាច្រៀង និងស្រែកតវ៉ា ខណៈកងកម្លាំងសន្តិសុខ បានរុញច្រានកាត់ហ្វូងមនុស្សក្នុងទីក្រុងប៊ុយណូស៊ែរ ដោយកាន់ខែលកុបកម្ម និងដំបង។ បាតុកម្មនេះធ្វើឡើងនៅខាងក្រៅសភា ខណៈសមាជិកសភានៅខាងក្នុង មិនបានឈានដល់ការព្រមព្រៀងលើសេចក្ដីស្នើច្បាប់មួយចំនួន រួមទាំងសំណើរសម្រាប់ការដំឡើងប្រាក់សោធននិវត្តន៍ និងការបន្តអត្ថប្រយោជន៍សម្រាប់និវត្តន៍ជន។
រដ្ឋាភិបាលរបស់លោកប្រធានាធិបតីសេរីនិយម ហាវីយេ មីឡៃ (Javier Milei) ដែលបានព្យាយាមកែលម្អសេដ្ឋកិច្ច និងដោះស្រាយអតិផរណាខ្ពស់ដោយកាត់បន្ថយការចំណាយសាធារណៈ បានជំទាស់នឹងសំណើទាំងពីរនេះ។
ជំហតឹងរ៉ឹងលើគោលនយោបាយសេដ្ឋកិច្ចរបស់លោក Milei បានបង្កឱ្យមានការតវ៉ាជាប្រចាំសប្តាហ៍នៅក្នុងរដ្ឋធានី ដោយសហជីពកម្មករ និងអ្នកគាំទ្របាល់ទាត់ក៏ចូលរួមជាមួយនិវត្តជន ដើម្បីតវ៉ាប្រឆាំងការកាត់ប្រាក់សោធននិវត្តន៍ ស្របពេលអតិផរណាមិនព្រមអន់ថយ និងការកាត់បន្ថយចំណាយសាធារណៈជះឥទ្ធិពលអាក្រក់ដល់ប្រជាជន៕

