ការពិនិត្យរបាយការណ៍របស់សារព័ត៌មានរ៉យទ័របង្ហាញថា ចោរព័ត៌មានវិទ្យា ឬហៅថា Hacker ម្នាក់ ដែលបានបំពានបណ្ដាញទំនាក់ទំនងប្រើដោយអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz កាលពីដើមខែនេះ បានលួចស្ទាក់ចាប់សារពីក្រុមមន្ត្រីរដ្ឋាភិបាលលអាមេរិកយ៉ាងទូលំទូលាយជាងការរាយការណ៍ពីមុន នៅក្នុងឧប្បត្តិហេតុមួយដែលទាក់ទាញសំណួរអំពីសុវត្ថិភាពគ្រប់គ្រងទិន្នន័យនៅក្នុងរដ្ឋបាលលោកប្រធានាធិបតី Donald Trump។

សារព័ត៌មានរ៉យទ័រ បានកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់រដ្ឋាភិបាលពិសេសជាង ៦០នាក់នៃវេទិកាផ្ញើសារ TeleMessage នៅក្នុងឃ្លាំងសម្ងាត់ទិន្នន័យលេចធ្លាយ ដែលផ្តល់ដោយបណ្ដាញ លាតត្រដាងព័ត៌មានសម្ងាត់ ហៅកាត់ថា DDoSecrets ជាអង្គការមិនរកកម្រៃរបស់អាមេរិក ដែលមានបេសកកម្មរក្សាទុកឯកសារណាដែលត្រូវបានលួចចូល និងទម្លាយ ដើម្បីជាប្រយោជន៍សាធារណៈ។
ឯកសារនោះរួមមានសារជជែកពីក្រុមឆ្លើយតបគ្រោះមហន្តរាយ មន្ត្រីគយ បុគ្គលិកការទូតអាមេរិកជាច្រើននាក់ យ៉ាងហោចណាស់បុគ្គលិកសេតវិមានម្នាក់ និងសមាជិកជាច្រើននៃសេវាសម្ងាត់។ សារដែលត្រូវពិនិត្យដោយរ៉យទ័រ បានគ្របដណ្តប់រយៈពេលប្រហែលជា ១ថ្ងៃនៃពេលវេលាដែលបញ្ចប់នៅថ្ងៃទី០៤ ខែឧសភា ហើយភាគច្រើននៃសារទាំងនោះមានលក្ខណៈមិនពេញលេញ។ របាយការណ៍មិនអាចផ្ទៀងផ្ទាត់ខ្លឹមសារទាំងមូលនៃព៌ត៌មានដែលត្រូវលួចទេ ប៉ុន្តែរកឃើញថា លេខទូរស័ព្ទក្នុងទិន្នន័យលេចធ្លាយត្រូវនឹងម្ចាស់ពិតប្រាកដដែលជាក្រុមមន្រ្តីរដ្ឋាភិបាល៕
កម្មវិធីផ្ញើសារ TeleMessage នេះមានអ្នកស្គាល់តិចណាស់នៅក្រៅរង្វង់រដ្ឋាភិបាល និងហិរញ្ញវត្ថុ ហើយក្រុមហ៊ុនទំនាក់ទំនងឌីជីថល Smarsh ដែលជាម្ចាស់ TeleMessage មានមូលដ្ឋាននៅទីក្រុង Portland រដ្ឋ Oregon មិនបានឆ្លើយតបនឹងសំណើអត្ថាធិប្បាយពីទិន្នន័យលេចធ្លាយទេ។ សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបាន "ដឹងពីឧប្បត្តិហេតុសន្តិសុខអ៊ីនធឺណិតនៅ Smarsh" ប៉ុន្តែក៏មិនបានផ្តល់ការអត្ថាធិប្បាយអ្វីដែរ៕


