ការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រលើសេដ្ឋវិទូ បានបង្ហាញថា ចក្ខុវិស័យសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិក នៅតែទន់ខ្សោយខ្លាំង បើទោះបីជាសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន បានថយចុះបណ្តោះអាសន្នក៏ដោយ ជាមួយនឹងការជជែកវែកញែកអំពីសុខភាពសារពើពន្ធរបស់ប្រទេសនេះស្ថិតនៅក្នុងភាពមិនច្បាស់លាស់។

បទបញ្ចុះពន្ធនាំចូល ៩០ថ្ងៃរវាងអាមេរិក-ចិន បានកាត់បន្ថយហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចអាមេរិកបន្តិចបន្តួច ប៉ុន្តែចក្ខុវិស័យសារពើពន្ធកាន់តែអាក្រក់ទៅៗ មុនការបោះឆ្នោតដែលខិតជិតមកដល់នៅក្នុងសភា លើសំណើច្បាប់កាត់បន្ថយពន្ធអាករក្នុងស្រុករបស់លោកប្រធានាធិបតី Donald Trump បន្ទាប់ពីការទម្លាក់ចំណាត់ថ្នាក់ទំនុកចិត្តឥណទានពីស្ថាប័ន Moody's កាលពីថ្ងៃសុក្រសប្ដាហ៍មុន។
សេដ្ឋវិទូក្នុងការស្ទង់មតិរ៉យទ័រ កាលពីថ្ងៃទី១៤-២១ ខែឧសភា បានយល់ស្របជារួមថា គោលនយោបាយរបស់រដ្ឋបាលលោក Trump បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច ដោយតួលេខជាង ៥៥% និយាយថា "ប៉ះពាល់យ៉ាងឈឺចាប់បំផុត"។ បន្ទាប់ពីការទម្លាក់ចំណាត់ថ្នាក់ឥណទានដ៏ធំចំពោះកំណើន និងបង្កើនការព្យាករអតិផរណានៅក្នុងខែមេសា សេដ្ឋវិទូនៅតែរក្សាចក្ខុវិស័យទាំងនេះមិនផ្លាស់ប្តូរយ៉ាងទូលំទូលាយសម្រាប់ខែឧសភានេះ។
សេដ្ឋវិទូស្ទើរតែមិនបានផ្លាស់ប្តូរទស្សនៈរបស់ពួកគេលើអតិផរណាទេ ដែលរំពឹងថា ជាមធ្យមឡើងលើសពីគោលដៅ ២% របស់ធនាគារកណ្ដាលអាមេរិក រហូតដល់យ៉ាងហោចណាស់ឆ្នាំ២០២៧។ សេដ្ឋកិច្ចអាមេរិក ដែលបានធ្លាក់ ០,៣% នៅត្រីមាសមុនភាគច្រើនដោយសារការនាំចូលច្រើនខ្លាំងពេក ត្រូវបានព្យាករថានឹងកើនឡើងវិញ ១,៥% នៅត្រីមាសនេះ ហើយនឹងកើនត្រឹមតែ ១,៤% ប៉ុណ្ណោះនៅពេញឆ្នាំ២០២៥ ដែលជាការធ្លាក់ចុះខ្លាំងពីតួលេខ ២,៨% កាលពីឆ្នាំមុន ខណៈនៅឆ្នាំ២០២៦ក្រោយ កំណើនត្រូវព្យាករថានឹងឡើង ១,៥%៕

