រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអូម៉ង់ លោក Badr Albusaidi បាននិយាយថា ក្រុមមន្ត្រីមកពីប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងរៀបចំកិច្ចចរចាមួយផ្សេងទៀតនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅថ្ងៃសុក្រសប្ដាហ៍នេះ ទោះមានគម្លាតកាន់តែខ្លាំងរវាងប្រទេសទាំងពីរលើការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក៏ដោយ។ ក្រុមមន្ត្រីអ៊ីរ៉ង់ព្រមានថាពុំមានផែនការBទេ ប្រសិនបើការចរចានុយក្លេអ៊ែរជាមួយអាមេរិកត្រូវបរាជ័យ។

ការបញ្ជាក់កាលពីថ្ងៃពុធសប្ដាហ៍នេះថា ការចរចានុយក្លេអ៊ែរនឹងបន្តកើតឡើងបន្ទាប់ពីប៉ុន្មានថ្ងៃដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បង្ហាញពីជំហរមិនអាចផ្សះផ្សាបានលើការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់។

ក្រុមមន្ត្រីអាមេរិកបាននិយាយថា ពួកគេមិនត្រឹមតែចង់ឱ្យអ៊ីរ៉ង់កាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ឈប់ការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមទាំងអស់ ជាជំហរដែលទីក្រុងតេអេរ៉ង់បាននិយាយថា មិនអាចទទួលយកបាន។
ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម គឺជាដំណើរការនៃការផ្លាស់ប្តូរអាតូមអ៊ុយរ៉ាញ៉ូមដើម្បីបង្កើតឥន្ធនៈនុយក្លេអ៊ែរ។
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ក៏បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះផងដែរថា ប្រទេសរបស់លោកមិនត្រូវការការអនុញ្ញាតពីសហរដ្ឋអាមេរិក ដើម្បីចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនោះទេ ៕