អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថាខ្លួនបានបញ្ជូនរថយន្តដឹកជំនួយប្រហែល៩០គ្រឿង ទៅកាន់តំបន់ហ្កាហ្សា ខណៈសម្ពាធអន្តរជាតិកាន់តែខ្លាំងលើការវាយលុកជាថ្មីរបស់អ៊ីស្រាអែល និងការបិទផ្លូវចូលទឹកដីប៉ាឡេស្ទីនដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាមមួយនេះ ។

ការចែកចាយជំនួយដំបូងក្នុងតំបន់ហ្កាហ្សាចាប់តាំងពីដើមខែមីនាមកបានធ្វើឡើង ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថាលោកបើកចំហចំពោះបទឈប់បាញ់បណ្តោះអាសន្ន ប៉ុន្តែបានអះអាងជាថ្មីថាយោធាមានគោលបំណងនាំយកទឹកដីទាំងមូលឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។

លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា បីថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានប្រកាសថាខ្លួននឹងអនុញ្ញាតឱ្យមានជំនួយមានកំណត់ អង្គការសហប្រជាជាតិ បានប្រមូលទំនិញប្រហែល ៩០ គ្រឿងពីច្រក Kerem Shalom ហើយបានបញ្ជូនទៅកាន់តំបន់ហ្កាហ្សា។

ការវិវត្តន៍ចុងក្រោយនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានបាញ់ អ្វីដែលយោធាហៅថាការបាញ់ព្រមាន នៅជិតគណៈប្រតិភូអ្នកការទូតបរទេសដែលមកទស្សនាតំបន់ West Bank ដោយបង្កឱ្យមានការថ្កោលទោសជាសកល។
នៅតំបន់ហ្កាហ្សា ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហាម៉ាស បានរាយការណ៍ពីការមកដល់នៃរថយន្តជំនួយចំនួន ៨៧ គ្រឿង ដែលខ្លួនបាននិយាយថា ត្រូវបានបែងចែកទៅឱ្យអង្គការអន្តរជាតិ និងក្នុងស្រុកដើម្បីបំពេញតម្រូវការមនុស្សធម៌ជាបន្ទាន់៕