លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃពុធ ទី២១ ឧសភា ថា កិច្ចចរចាដឹកនាំដោយសហរដ្ឋអាមេរិក បាន ជួយដោះស្រាយ ជម្លោះរវាងប្រទេសរ៉្វាន់ដា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អំឡុងជំនួបជាមួយប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa នៅសេតវិមាន។ លោក Massad Boulos ទីប្រឹក្សាជាន់ខ្ពស់របស់ លោក Trump សម្រាប់ទ្វីបអាហ្រ្វិកដែលមានវត្តមាននៅក្នុងជំនួបនោះដែរ បាននិយាយថា ដំណើរការនៃការបញ្ចប់សេចក្តីព្រាងកិច្ចព្រមព្រៀងសន្តិភាព «មើលទៅល្អប្រសើរ»។

ប្រភពព័ត៌មានបានប្រាប់សារព័ត៌មានរ៉យទ័រថា រ៉ែរបស់ប្រទេសកុងហ្គោ ដូចជា តង់ស្តែន តង់តាលូម និងសំណប៉ាហាំង ដែលទីក្រុង Kinshasa ប្រទេសកុងហ្គោ បានចោទប្រកាន់ប្រទេសជិតខាងរ៉្វាន់ដា ជាយូរមកហើយថាបានកេងប្រវ័ញ្ចដោយខុសច្បាប់អាចត្រូវបាននាំចេញស្របច្បាប់ទៅកាន់ប្រទេសរ៉្វាន់ដា ដើម្បីកែច្នៃក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពដែលកំពុងត្រូវបានចរចាដោយសហរដ្ឋអាមេរិក។

ទីក្រុង Kinshasa ចាត់ទុកការលួចយកទ្រព្យសម្បត្តិរ៉ែរបស់ខ្លួន ថាជាកត្តាជំរុញសំខាន់នៃជម្លោះរវាងកងកម្លាំងរបស់ខ្លួន និងក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរ៉្វាន់ដា នៅភាគខាងកើតប្រទេសកុងហ្គោ ដែលកាន់តែរីកធំចាប់តាំងពីខែមករា ដោយចោទប្រកាន់ទីក្រុង Kigali ប្រទេសរ៉្វាន់ដា ថាបានរត់ពន្ធរ៉ែមានតម្លៃរាប់សិបលានដុល្លារតាមព្រំដែនជារៀងរាល់ខែដើម្បីលក់ចេញពីប្រទេសរ៉្វាន់ដា។
លោក Boulos បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងភាគីទាំងពីរដែលត្រូវបានចុះហត្ថលេខានៅរដូវក្តៅនេះ អមដោយកិច្ចព្រមព្រៀងរ៉ែដែលមានគោលបំណងនាំយកការវិនិយោគរបស់លោកខាងលិចរាប់ពាន់លានដុល្លារទៅកាន់តំបន់នេះ។