ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា ប្រទេសចិន បានធ្វើសមយុទ្ធថលជលិក (ទាំងលើគោក និងក្នុងទឹក) នៅក្នុងដែនទឹកដែលនៅជិតបំផុតរបស់ខ្លួនជាមួយកោះតៃវ៉ាន់ ខណៈមេដឹកនាំកោះស្វ័យគ្រប់គ្រងនេះ លោក Lai Ching-te បានប្រារព្ធខួបមួយឆ្នាំនៅក្នុងតំណែង។

លោក Lai ដែលត្រូវទីក្រុងប៉េកាំង ហៅថាជនផ្ដាច់ខ្លួន បានប្តេជ្ញានៅថ្ងៃអង្គារ (២១ ឧសភា) ថា "ត្រៀមខ្លួនធ្វើសង្រ្គាម ដើម្បីបញ្ចៀសសង្រ្គាម" និងពង្រឹងភាពធន់នឹងសេដ្ឋកិច្ចរបស់កោះ។ CCTV បាននិយាយថា នៅព្រឹកថ្ងៃដដែលនោះ ប្រទេសចិន បានបញ្ជូន "រថពាសដែក" ជាច្រើនគ្រឿងចូលទៅក្នុងដែនទឹកនៃភាគខាងត្បូងខេត្ត Fujian ដែលជាខេត្តភាគខាងកើតរបស់ចិននៅជិតតំបន់តៃវ៉ាន់បំផុត។

ខ្សែវីដេអូនៃសមយុទ្ធ ដែលចេញផ្សាយដោយទូរទស្សន៍យោធារបស់ CCTV បានបង្ហាញរថក្រោះគ្របដណ្ដប់ដោយពណ៌ប៉ារ៉ាយោធាជាច្រើនគ្រឿង បានរុញច្រានច្រាំងខ្សាច់ចូលទៅក្នុងសមុទ្រ។ ទាហានពាក់អាវពោង បានបើករថក្រោះជុំវិញឧបសគ្គដែលបណ្តែតលើទឹក គាំទ្រដោយគ្រឿងយុទ្ធោបករណ៍ប្រតិបត្តិការជាច្រើន។
ប្រទេសចិន ដែលអះអាងសិទ្ធលើកោះតៃវ៉ាន់ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានគម្រាមប្រើប្រាស់កម្លាំងដើម្បីក្រសោបយកកោះនេះ និងបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាច្រើនជុំ នៅជុំវិញកោះនេះ ចាប់តាំងពីលោក Lai ចូលកាន់តំណែងមក៕
