អ៊ីស្រាអែល បានសម្រេចហៅត្រឡប់មកវិញគណៈប្រតិភូរបស់ខ្លួនដែលបានទៅចូលរួមក្នុងការចរចាបទឈប់បាញ់និងដោះលែងចំណាប់ខ្មាំង ជាមួយក្រុមហាម៉ាសអ៊ីស្លាមនិយម នៅក្នុងប្រទេសកាតា។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃអង្គារថា សមាជិកជាន់ខ្ពស់នៃក្រុមអ្នកចរចានឹងត្រឡប់ទៅអ៊ីស្រាអែលវិញ។

ការិយាល័យបាននិយាយថា អ្នកតំណាងកម្រិតការងាររបស់ខ្លួន នៅបន្តនៅក្នុងទីក្រុងដូហានៅឡើយ។ ប្រទេសកាតា កំពុងសម្របសម្រួលការចរចានេះ ខណៈភាគីទាំងពីរ នៅតែនៅឆ្ងាយពីការបង្រួមភាពខ្វែងគំនិតគ្នា។ ក្រុមហាម៉ាស កំពុងទាមទារឱ្យមានបទឈប់បាញ់អចិន្ត្រៃយ៍ ខណៈអ៊ីស្រាអែលកំពុងអំពាវនាវឱ្យមានបទឈប់បាញ់សម្រាប់រយៈពេលកំណត់មួយ។

កងកម្លាំងអ៊ីស្រាអែល កំពុងបន្តការវាយលុកនៅតំបន់ហ្កាហ្សាស្ទ្រីប ហើយអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃពុធថា មនុស្ស ៨២ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ អាជ្ញាធរអ៊ីស្រាអែល និយាយថា រថយន្ដឹកជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិចំនួន៩៣គ្រឿង បានចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយទៅកាន់អ្នកសារព័ត៌មាន ថា ការផ្គត់ផ្គង់ជំនួយ ពុំត្រូវបានដឹកជញ្ជូនទេ ដោយសារតែការពន្យារពេលក្នុងការទទួលបានការអនុញ្ញាតពីយោធាអ៊ីស្រាអែល។ អាជ្ញាធរតំបន់ហ្កាហ្សា បាននិយាយថារថយន្តដឹកជំនួយចំនួន៥០០គ្រឿង ត្រូវការជាប្រចាំថ្ងៃដើម្បីសង្គ្រោះជីវិតជនស៊ីវិល។