ក្រុមមន្ត្រី និងរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា បុរសម្នាក់ត្រូវបាននគរបាលចាប់ខ្លួន កាលពីល្ងាចថ្ងៃពុធ (២១ ឧសភា) ពាក់ព័ន្ធនឹងការបាញ់សម្លាប់បុគ្គលិកស្ថានទូតអ៊ីស្រាអែល ២នាក់ - បុរសម្នាក់ និងស្រ្តីម្នាក់ - ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់នៅខាងក្រៅព្រឹត្តិការណ៍មួយនៅសារមន្ទីរ Capital Jewish ក្នុងទីក្រុងវ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិក។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននាពេលយប់ជ្រៅ អភិបាលក្រុងវ៉ាស៊ីនតោន លោកស្រី Muriel Bowser បាននិយាយថា មិនមានការគំរាមកំហែងសកម្មទៀតទេ នៅក្នុងសហគមន៍នោះ បន្ទាប់ពីការបាញ់ប្រហារ។ នៅពេលត្រូវសាកសួរពីមូលហេតុនៃគ្រោះថ្នាក់ ក្រុមមន្ត្រីបាននិយាយថា ពួកគេកំពុងតែស៊ើបអង្កេតលើហេតុការណ៍នេះ។

ប្រធាននាយកដ្ឋាននគរបាលវ៉ាស៊ីនតោន លោកស្រី Pamela Smith បានកំណត់អត្តសញ្ញាណជនសង្ស័យដែលបើកការបាញ់ប្រហារតែម្នាក់ឯងនោះថាឈ្មោះ Elias Rodriguez ជាបុរសវ័យ ៣០ឆ្នាំ និងជាអ្នករស់នៅទីក្រុង Chicago។ លោកស្រីបន្តថា បន្ទាប់ពីបុរសនោះត្រូវចាប់ខ្លួន រូបគេបានស្រែកថា "ដោះលែងប៉ាឡេស្ទីនឱ្យមានសេរីភាព"។

ការបាញ់ប្រហារ ដែលកើតឡើងភ្លាមៗក្រោយពីម៉ោង ៩យប់ (ម៉ោងក្នុងស្រុក) នៅក្នុងរដ្ឋធានីសហរដ្ឋអាមេរិកនេះ បានបង្កការខឹងសម្បារយ៉ាងខ្លាំងជាពិសេសពីសំណាក់អ៊ីស្រាអែល។ លោក Danny Danon ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំអង្គការសហប្រជាជាតិ បានហៅការបាញ់ប្រហារនេះថាជា "ទង្វើដ៏ថោកទាបនៃអំពើភេវរកម្មប្រឆាំងនឹងជនជាតិជ្វីហ្វ"៕