សេវាសង្គ្រោះបន្ទាន់របស់ប្រទេសក្រិក ស្ថិតក្នុងការប្រកាសអាសន្នខ្ពស់ក្នុងទីក្រុង Crete នាថ្ងៃព្រហស្បតិ៍ (២២ ឧសភា) នេះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦,១រ៉ិចទ័រ បានវាយប្រហារលើកោះក្រិកមួយនេះ ដែលបណ្តាលឱ្យមានអារម្មណ៍ដឹងពីរញ្ជួយនៅទូទាំងប្រទេសទួរគី និងអ៊ីស្រាអែល។ អង្គភាពពន្លត់អគ្គិភ័យ និយាយថា រហូតមកដល់ពេលនេះ ខ្លួនមិនទាន់ទទួលបានការអំពាវនាវសុំជំនួយ ឬការរាយការណ៍ពីការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរណាមួយឡើយ។

គ្រោះរញ្ជួយដែលវាយប្រហារនៅចម្ងាយ ៧៩គីឡូម៉ែត្រ ពីទីក្រុង Heraklion នៅម៉ោង ៦:១៩នាទីព្រឹក (ម៉ោងក្នុងស្រុក) ក្នុងថ្ងៃព្រហស្បតិ៍នេះ បានប៉ះពាល់ដល់អ្នកស្រុក និងអ្នកទេសចរជាច្រើន ដែលកំពុងលំហែកាយនៅលើកោះនាដើមរដូវក្តៅ នេះបើយោងតាមរបាយការណ៍នៅលើបណ្ដាញសង្គម X។

វីដេអូកាមេរ៉ាសុវត្ថិភាព CCTV ដែលបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញពីផើងរុក្ខជាតិនៅលើរាលហាលលំនៅឋានអ្នកស្រុក បានញ័ររង្គើអស់ជាច្រើនវិនាទី។

ក្រិក គឺជាប្រទេសមួយដែលងាយនឹងរញ្ជួយដីបំផុតនៅអឺរ៉ុប ហើយកម្រិតនៃសកម្មភាពរញ្ជួយដីដែលមិនធ្លាប់មានពីមុនមក បានអង្រួនកោះទេសចរណ៍ដ៏ពេញនិយម Santorini អស់ជាច្រើនសប្តាហ៍កាលពីដើមឆ្នាំនេះ ដែលជំរុញឱ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញ និងបិទសាលារៀន៕