ចៅក្រមសហព័ន្ធរបស់សហរដ្ឋអាមេរិក បានចេញសេចក្តីសម្រេចថា រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបំពានលើសេចក្តីបង្គាប់របស់តុលាការ ដោយប៉ុនប៉ងនិរទេសជនអន្តោប្រវេសន៍ទៅកាន់ប្រទេសស៊ូដង់ខាងត្បូង។

ចៅក្រមតំបន់របស់អាមេរិក លោក Brian Murphy បាននិយាយនៅក្នុងសវនាការកាលពីថ្ងៃពុធថា រដ្ឋបាលនេះ បានរំលោភលើសេចក្តីបង្គាប់បឋមដែលលោកបានចេញកាលពីខែមេសា ក្នុងការរារាំងមន្ត្រីពីការនិរទេសមនុស្សទៅកាន់ប្រទេសផ្សេងៗក្រៅពីប្រទេសរបស់ពួកគេ ដោយពុំបានផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ពួកគេជាមុន។

លោក Murphy បាននិយាយថា ក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក បានផ្តល់ព័ត៌មានដល់ជនអន្តោប្រវេសន៍ចំនួន៧នាក់កាលពីយប់ថ្ងៃច័ន្ទថា ពួកគេអាចត្រូវបាននិរទេសទៅកាន់ប្រទេសស៊ូដង់ខាងត្បូង មិនដល់២៤ម៉ោងមុនពេលពួកគេត្រូវឡើងលើយន្តហោះ ដែលជាការផ្តល់ព័ត៌មានក្នុងពេលវេលា «មិនគ្រប់គ្រាន់» ។
ចៅក្រមបាននិយាយថា «ចំណាត់ការររបស់ក្រសួងក្នុងករណីនេះគឺពិតជាបានបំពានលើសេចក្តីបង្គាប់របស់តុលាការ»។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីការរកឃើញរបស់លោក Murphy កាលពីថ្ងៃពុធ សេតវិមានបានចោទប្រកាន់ លោក Murphy ថាជា «ចៅក្រមសកម្មជន» ដែលកំពុងតស៊ូមតិក្នុងការដោះលែងឧក្រិដ្ឋជនដ៏គ្រោះថ្នាក់។