ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រើកិច្ចប្រជុំនៅសេតវិមាន ដើម្បីប្រឈមមុខនឹងប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa ដោយបានចោទប្រកាន់ប្រទេសនេះថា បានខកខានក្នុងដោះស្រាយការអះអាងគ្មានមូលដ្ឋានរបស់លោក ត្រាំ ជុំវិញការសម្លាប់កសិករស្បែកសជាប្រព័ន្ធ។

លោក ត្រាំ ថែមទាំងបានបើកភ្លើងបំភ្លឺការិយាល័យរាងពងក្រពើ ដើម្បីចាក់វីដេអូរបស់អ្នកនយោបាយឆ្វេងនិយមជ្រុលដែលច្រៀងចម្រៀងមួយបទដែលមានចំណងជើងថា«សម្លាប់កសិករ»។ លោកក៏បានសរសេរតាមរយៈអត្ថបទព័ត៌មាន ដើម្បីគូសបញ្ជាក់ចំណុចរបស់លោក ដោយនិយាយថា កសិករស្បែកសរបស់ប្រទេសអាហ្វ្រិកខាងត្បូង បានប្រឈមនឹង «ការស្លាប់ ការស្លាប់ ការស្លាប់ ការស្លាប់ដ៏គួរឲ្យភ័យរន្ធត់»។

លោក ត្រាំ បានកាត់បន្ថយជំនួយទាំងអស់របស់សហរដ្ឋអាមេរិក ដល់អាហ្វ្រិកខាងត្បូងរួចហើយ និងបានស្វាគមន៍កសិករជនជាតិស្បែកសអាហ្វ្រិកខាងត្បូងជាច្រើននាក់ មកកាន់សហរដ្ឋអាមេរិក ក្នុងនាមជាជនភៀសខ្លួន ខណៈដែលលោកបានសង្កត់លើករណីដែលថា «អំពើប្រល័យពូជសាសន៍» កំពុងដំណើរការនៅក្នុងប្រទេសនេះ។
ចាប់តាំងពីចូលកាន់តំណែងមក លោកប្រធានាធិបតីអាមេរិករូបនេះ បានចាប់ផ្តើមការចោទប្រកាន់ជាបន្តបន្ទាប់ ចំពោះរដ្ឋាភិបាលដឹកនាំដោយជនជាតិស្បែកខ្មៅរបស់អាហ្វ្រិកខាងត្បូង ដោយអះអាងថា រដ្ឋាភិបាលនេះ កំពុងរឹបអូសយកដីពីកសិករស្បែកស អនុវត្តគោលនយោបាយប្រឆាំងជនជាតិស្បែកស និងបន្តគោលនយោបាយការបរទេសប្រឆាំងសហរដ្ឋអាមេរិក។