អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ (២១ ឧសភា) ថា មនុស្សរាប់រយគ្រួសារនៅតាមផ្នែកផ្សេងៗនៃភាគខាងជើងដែនដីហ្កាហ្សា ដែលភៀសខ្លួនគេចពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានបន្តដំណើរជម្លៀសឆ្ពោះទៅកាន់ផ្នែកផ្សេងនៃទីក្រុងហ្កាហ្សា។ វីដេអូដែលចេញផ្សាយដោយអង្គការអន្តរជាតិ បង្ហាញក្រុមគ្រួសារដែលកាន់បង្វិចរបស់ពួកគេនៅលើរទេះ រថយន្តដឹកទំនិញ និងតាមមធ្យោបាយធ្វើដំណើរផ្សេងទៀតក្នុងទីក្រុងហ្កាហ្សា។

អង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា មនុស្សជាង ៩៧.០០០នាក់ បានភៀសខ្លួនក្នុងពេល ៤ថ្ងៃកន្លងទៅនោះ។ សម្ពាធអន្តរជាតិលើអ៊ីស្រាអែល ក៏បានកើនឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗ នៅពេលដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បើកការវាយលុកយោធាជាថ្មីនៅតំបន់ហ្កាហ្សា។

អ៊ីស្រាអែលនិយាយថា ខ្លួនគ្រោងបង្កើនប្រតិបត្តិការយោធាប្រឆាំងក្រុមហាម៉ាស និងគ្រប់គ្រងតំបន់ហ្កាហ្សាទាំងមូល។ អាជ្ញាធរសុខាភិបាលហ្កាហ្សា និយាយថា ការវាយលុកជើងគោក និងអាកាសរបស់អ៊ីស្រាអែល បានជម្លៀសប្រជាជនហ្កាហ្សាជិត ២,៣លាននាក់ និងសម្លាប់មនុស្សជាង ៥៣.០០០នាក់។
គួរឱ្យដឹងថា យុទ្ធនាការនេះជាការសងសឹក បន្ទាប់ពីពួកសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស វាយប្រហារសហគមន៍អ៊ីស្រាអែល នៅជិតព្រំដែនហ្កាហ្សា ក្នុងខែតុលា ឆ្នាំ២០២៣ ដោយសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៥១នាក់ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល៕