អាមេរិក៖ ប្រមុខការទូតសហរដ្ឋអាមេរិកនិយាយថា លោកប្រធានាធិបតី Joe Biden បានអញ្ជើញមេដឹកនាំអាស៊ីអាគ្នេយ៍ឱ្យចូលរួមកិច្ចប្រជុំកំពូលមួយ ដើម្បីពិភាក្សាអំពីវិបត្តិនៅក្នុងសហភាពមីយ៉ាន់ម៉ា ហើយកំពុងថ្លឹងថ្លែងការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើយោធារបស់ប្រទេសនេះ បន្ទាប់ពីការដណ្តើមអំណាចរបស់ខ្លួនកាលពីខែកុម្ភៈ។

លោក Antony Blinken បានធ្វើអត្ថាធិប្បាយកាលពីថ្ងៃពុធ ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ជាទីដែលលោកបានពណ៌នាអំពីសមាគមសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន ដែលមានសមាជិកចំនួន ១០ប្រទេស ថាជាសារៈសំខាន់ចំពោះស្ថាបត្យកម្មនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោកបានបន្តថា យើងទន្ទឹងរង់ចាំយ៉ាងអន្ទះសាឲ្យមានកិច្ចប្រជុំកំពូលពិសេស ជាមួយអាស៊ាននៅឆ្នាំក្រោយ។ អាស៊ានបាននឹងកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីដោះស្រាយវិបត្តិនៅសហភាពមីយ៉ាន់ម៉ា ជាប្រទេសដែលមានភាពចលាចលចាប់តាំងពី យោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលដែលដឹកនាំ ដោយជ័យលាភីរង្វាន់ណូបែល លោកស្រី Aung San Suu Kyi កាលពីថ្ងៃទី១ ខែកុម្ភៈ។
ការដណ្តើមអំណាចបានជំរុញឱ្យមានការតវ៉ា និងការតស៊ូប្រដាប់អាវុធដែលត្រូវបានជួបនឹងការបង្ក្រាបដោយហិង្សា។ លោក Blinken បាននិយាយថា ស្ថានភាពនៅក្នុងមីយ៉ាន់ម៉ាក្នុងរយៈពេល ១០ខែចាប់តាំងពីរដ្ឋប្រហារបានឈានដល់ស្ថានភាពកាន់តែធ្ងន់ធ្ងរ ដោយមានការចាប់ខ្លួនមនុស្សយ៉ាងច្រើន និងអំពើហិង្សាប្រឆាំងនឹងក្រុមបាតុករ៕
អត្ថបទ៖ សុខមាន