ប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក ម៉ាខ្មូដ អាបាស ( Mahmoud Abbas) កាលពីថ្ងៃពុធ បានអំពាវនាវឲ្យ សហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងស្ថានភាព «មហន្តរាយនិងសោកនាដកម្ម» នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។
លោក អាបាស (Abbas) បាននិយាយថា៖«ខ្ញុំសូមអំពាវនាវដល់មេដឹកនាំពិភពលោក ឲ្យចាត់វិធានការជាបន្ទាន់ និងយ៉ាងម៉ឺងម៉ាត់ ដើម្បីបំបែកការបិទផ្លូវ នៅតំបន់ហ្កាហ្សា អនុញ្ញាតឲ្យមានជំនួយមនុស្សធម៌ និងផ្នែកវេជ្ជសាស្ត្រ តាមរយៈផ្លូវគោក សមុទ្រ និងផ្លូវអាកាស ហើយបញ្ឈប់ការឈ្លានពាននេះភ្លាមៗ និងជា អចិន្ត្រៃយ៍»។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការប៉ាឡេស្ទីន WAFA។

លោក អាបាស ក៏បានជំរុញឲ្យ«ការដោះលែងអ្នកជាប់ឃុំ និងអ្នកទោសទាំងអស់ ការដកទ័ពអ៊ីស្រាអែលពេញលេញចេញពីតំបន់ហ្កាហ្សា និងរដ្ឋប៉ាឡេស្ទីនទទួលបន្ទុកពេញលេញ» ជាជំហានដែលលោកបានពិពណ៌នាថា មានសារៈសំខាន់សម្រាប់ការកសាងឡើងវិញ ការបញ្ចប់អរិភាព និងការជំរុញដំណោះស្រាយរដ្ឋពីរ។
លោកបានសម្តែងក្តីសង្ឃឹមថា សន្និសីទជាន់ខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីដំណោះស្រាយរដ្ឋពីរ នៅខែមិថុនា ខាងមុខនេះ នឹងដើរតួជាចំណុចរបត់មួយ ជួយអនុវត្តសេចក្តីសម្រេចរបស់អន្តរជាតិ និងធានាបាននូវការទទួលស្គាល់កាន់តែទូលំទូលាយ និងសមាជិកភាពពេញលេញរបស់អង្គការសហប្រជាជាតិសម្រាប់រដ្ឋប៉ាឡេស្ទីន។
ទន្ទឹមនឹងនេះដែរ លោក Mahmoud Basal អ្នកនាំពាក្យអង្គភាពការពារជនស៊ីវិលនៃតំបន់ហ្កាហ្សា បានប្រាប់សារព័ត៌មានស៊ីនហួរ កាលពីថ្ងៃពុធថា យន្តហោះអ៊ីស្រាអែល បានបើកការវាយឆ្មក់រាប់សិបលើក លើតំបន់ហ្កាហ្សា ចាប់តាំងពីព្រឹកព្រលឹម ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៥៦នាក់ នៅទូទាំងទឹកដីនេះ។
