ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទៅទស្សនកិច្ចនៅតំបន់ Kursk ភាគខាងលិចរបស់ប្រទេស ជាលើកដំបូង ចាប់តាំងពីកងកម្លាំងរុស្ស៊ី បានបណ្តេញកងទ័ពអ៊ុយក្រែន ចេញពីតំបន់នោះ កាលពីខែមុន។ វិមានក្រឹមឡាំងបាននិយាយថា ក្នុងអំឡុងពេលទស្សនកិច្ចកាលពីថ្ងៃអង្គារ (២០ ឧសភា) នោះ លោក Putin បានជួបជាមួយអង្គការស្ម័គ្រចិត្តក្នុងតំបន់ និងបានទៅពិនិត្យរោងចក្រថាមពលនុយក្លេអ៊ែរ Kursk-II ។
ទូរទស្សន៍រដ្ឋបានបង្ហាញថា លោក Putin ដែលត្រូវអមដំណើរដោយលោក Sergei Kiriyenko អគ្គសេនាធិការរងទីមួយរបស់វិមានក្រឹមឡាំង បានជួបអ្នកស្ម័គ្រចិត្ត និងក្រុមមន្ត្រីក្នុងតំបន់ រួមទាំងអភិបាលស្តីទី Alexander Khinshtein។

រុស្ស៊ី បាននិយាយកាលពីចុងខែមេសាថា ខ្លួនបានបណ្តេញកងទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk អស់ហើយ ដោយបញ្ចប់ការវាយលុកដ៏ធំបំផុតចូលក្នុងទឹកដីរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។
គួររម្លឹកថា អ៊ុយក្រែន កាលពីថ្ងៃទី០៦ ខែសីហា បានបើកការវាយប្រហារយ៉ាងខ្លាំងក្លាបំផុតឆ្លងព្រំដែនរុស្ស៊ី ចូលទៅក្នុងតំបន់ Kursk ដែលគាំទ្រដោយហ្វូងយានដ្រូន និងអាវុធធុនធ្ងន់របស់លោកខាងលិច។ នៅចំណុចសំខាន់បំផុតនៃប្រតិបត្តិការពេលនោះ កងកម្លាំងអ៊ុយក្រែន បានកាន់កាប់ជិត ១.៤០០គីឡូម៉ែត្រក្រឡានៃទឹកដី Kursk៕

