ជាមួយនឹងកង្វះខាតកាន់តែច្រើនឡើងនៅក្នុងការរួមចំណែកថវិកា ពោលគឺទឹកប្រាក់ ២,៤ ពាន់លានដុល្លារ នៅក្នុងការចំណាយថវិកាទៀងទាត់ដែលមិនទាន់បានបង់ និងតួលេខ ២,៧ពាន់លានដុល្លារ ក្នុងកម្លាំងរក្សាសន្តិភាព ពេលនេះអង្គការសហប្រជាជាតិ (UN) កំពុងតែប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុយ៉ាងជ្រៅ ហើយបង្ខំចិត្តកាត់បន្ថយការចំណាយ បញ្ឈប់ការជួលបុគ្គលិក និងបន្ថយសេវាកម្មមួយចំនួនរបស់ខ្លួន លុះត្រាតែរដ្ឋសមាជិកចំណាយបន្ថែមទៀត។

ក្រុមមន្ត្រីព្រមានថា ហានិភ័យនេះកំពុងបំផ្លាញភាពជឿជាក់របស់អង្គការសហប្រជាជាតិ និងសមត្ថភាពរបស់ខ្លួនក្នុងការបំពេញអាណត្តិ ដែលផ្តល់ដោយរដ្ឋសមាជិក។ ប្រទេសស្វីស ដែលជំនួសនាមឱ្យប្រទេសលិចតិនស្តាញ (Liechtenstein) បាននិយាយថា បញ្ហានេះហួសពីការគ្រប់គ្រង។ ប្រតិភូនិយាយថា "រាល់ការពន្យាពេលក្នុងការទូទាត់ ការផ្អាកជួលបុគ្គលិក និងការលុបចោលសេវានីមួយៗ កំពុងបំផ្លាញការជឿជាក់លើសមត្ថភាពរបស់អង្គការពិភពលោកមួយនេះក្នុងការអនុវត្តការងារ"។
ដំណោះស្រាយមួយដែលបានស្នើឡើងគឺអនុញ្ញាតឱ្យ UN រក្សាទុកជាបណ្តោះអាសន្ននូវមូលនិធិដែលមិនបានចំណាយនៅចុងឆ្នាំ ជំនួសឱ្យការប្រគល់ថវិកាទាំងនោះទៅរដ្ឋសមាជិកវិញជាឥណទាន។ បច្ចុប្បន្ន ការផ្ដល់ឱ្យត្រឡប់ទៅវិញនេះគឺជារឿងចាំបាច់ ទោះបីជាមូលនិធិទៅដល់ចុងឆ្នាំហើយក៏ដោយ ដែលផ្តល់ពេលវេលាតិចតួចណាស់ដល់អង្គការសហប្រជាជាតិ ក្នុងការចំណាយប្រាក់ទាំងនោះ។
យ៉ាងណាក៏ដោយ មានសមាជិកតែ ៦១ប្រទេសប៉ុណ្ណោះ ដែលបានបំពេញកាតព្វកិច្ចចំណាយរបស់ខ្លួនទាំងស្រុង ហើយនោះជាសារច្បាស់លាស់ណាស់ថា បើពុំមានជំនួយផ្នែកហិរញ្ញវត្ថុទូលំទូលាយ និងទាន់ពេលវេលាទេ សមត្ថភាពរបស់អង្គការសហប្រជាជាតិ ក្នុងការបម្រើពិភពលោក ជាពិសេសក្នុងគ្រាមានវិបត្តិ គឺមានហានិភ័យធ្ងន់ធ្ងរ៕

