ភ្នំពេញ៖ គណៈរដ្ឋមន្រ្តីនៅថ្ងៃនេះ បានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួនក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ កិច្ចប្រជុំថ្ងៃនេះ បានធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ភាពងាយស្រួល នៃការធ្វើធុរកិច្ចនៅកម្ពុជា។
ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិ បាល បានឱ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃនេះ បានធ្វើឡើងដើម្បីពិភាក្សាលើរបៀបវារៈ ស្តីពី “សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាង ស្តីពីវិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម” ។
ឯកឧត្ដម បានឱ្យដឹងថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម បានប្រកាសឱ្យប្រើនៅខែវិច្ឆិកា ឆ្នាំ១៩៩៩ និងច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម បានប្រកាសឱ្យប្រើនៅខែឧសភា ឆ្នាំ២០០៥។
ច្បាប់ទាំងពីរនេះ ត្រូវបានអនុវត្តដោយរលូន អស់រយៈកាលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមានមាត្រាមួយចំនួនក្នុងច្បាប់ទាំងពីរនេះ មិនដែលត្រូវបានអនុវត្ត និងដើរមិនទាន់ល្បឿននៃការកែទម្រង់ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈ និងបរិយាកាស នៃការធ្វើធុរកិច្ចក្នុង តំបន់ និងជាសកល។
មានមាត្រាមួយចំនួន មិនមានសង្គតិភាព តម្លាភាព ជាមួយនឹងច្បាប់ និងកាតព្វកិច្ច ដទៃទៀត នៅក្រោមអនុសញ្ញាសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងអន្តរជាតិ ដែលកម្ពុជា ជាភាគីហត្ថលេខី។
ឯកឧត្ដម បានបញ្ជាក់ថា វិសោធនកម្មច្បាប់ពេលនេះ ដើម្បីចូលរួមចំណែកក្នុងការបន្តកំណែ ទម្រង់ របស់រាជរដ្ឋាភិបាល លើកកម្ពស់ភាពងាយស្រួល នៃការធ្វើធុរកិច្ចនៅកម្ពុជា ធ្វើឱ្យមានសង្គតិភាព និងសុខដុមនីយកម្ម រវាងលិខិត បទដ្ឋានគតិយុត្ត និងស្តារសង្គម-សេដ្ឋកិច្ចកម្ពុជា ពីវិបត្តិកូវីដ-១៩៕
អត្ថបទ៖ មុត សុទ្ធ