លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកបានចេញបញ្ជាឲ្យបង្កើនវិធានការសន្តិសុខ នៅតាមស្ថានទូតរបស់អ៊ីស្រាអែល ទូទាំងពិភពលោក បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ ដែលបានស្រែកថា បានបាញ់សម្លាប់បុគ្គលិកស្ថានទូតពីរនាក់នៅខាងក្រៅសារមន្ទីរជនជាតិជ្វីហ្វមួយ នៅក្នុងទីក្រុងវ៉ាស៊ីនតោន។
លោកបានថ្លែងថា៖«ខ្ញុំបានណែនាំឲ្យបង្កើនការរៀបចំសន្តិសុខ នៅតាមស្ថានទូតរបស់អ៊ីស្រាអែល ជុំវិញពិភពលោក និងបង្កើនការការពារសម្រាប់អ្នកតំណាងរដ្ឋ»។
«យើងកំពុងមើលឃើញតម្លៃដ៏អាក្រក់នៃការប្រឆាំងជនជាតិជ្វីហ្វ និងការញុះញង់យ៉ាងព្រៃផ្សៃប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល»។

ការបាញ់ប្រហារនោះ បានផ្ទុះឡើងកាលពីល្ងាចថ្ងៃពុធ នៅខាងក្រៅសារមន្ទីរ Capital Jewish នៅកណ្តាលទីក្រុងវ៉ាស៊ីនតោន ខណៈដែលកន្លែងនោះ បានរៀបចំព្រឹត្តិការណ៍សង្គមមួយសម្រាប់អ្នកជំនាញវ័យក្មេង និងបុគ្គលិកការទូត។
វីដេអូឃ្លីបមួយដែលត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីបុរសដែលមានពុកចង្ការ វ័យក្មេងម្នាក់ ពាក់អាវធំ និងអាវពណ៌ស ស្រែកថា «ដោះលែង ដោះលែងប៉ាឡេស្ទីន» ខណៈដែលបុរសនេះ ត្រូវបាននរគបាលនាំយកចេញទៅឆ្ងាយ។
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិក លោក Yechiel Leiter បាននិយាយថា ជនរងគ្រោះ គឺជាគូស្នេហ៍វ័យក្មេងមួយគូ ដែលគ្រោងនឹងរៀបការ។
