លោកនាយករដ្ឋមន្ត្រី Mark Carney កាលពីថ្ងៃពុធ (ទី២១ ខែឧសភា) បាននិយាយថា ប្រទេសកាណាដា បាន និងកំពុងធ្វើកិច្ចពិភាក្សា «កម្រិតខ្ពស់» ជាមួយប្រទេសជិតខាងភាគខាងត្បូងរបស់ខ្លួន អំពីការចូលរួម ក្នុងប្រព័ន្ធការពារមីស៊ីល «Golden Dome» ដែលត្រូវបានស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក Donald Trump។
លោក Carney បានប្រាប់សន្និសីទសារព័ត៌មានថា៖ «យើងដឹងថា យើងមានសមត្ថភាព ប្រសិនបើយើងចង់ ដើម្បីបញ្ចប់ការផលិតប្រព័ន្ធ Golden Dome ដោយការវិនិយោគក្នុងភាពជាដៃគូ (ជាមួយសហរដ្ឋអាមេរិក)។ ហើយមានអ្វីជាច្រើនដែលយើងកំពុងពិនិត្យពិចារណា និងមានអ្វីជាច្រើនដែលកំពុងត្រូវបានពិភាក្សាកម្រិតខ្ពស់»។

គួរបញ្ជាក់ថា លោក Trump ចង់បានប្រព័ន្ធដែលអាចការពារអាវុធសត្រូវគ្រប់ប្រភេទ រាប់ចាប់ពីមីស៊ីលបាលីស្ទិកអន្តរទ្វីប រហូតដល់មីស៊ីលល្បឿនលឿនជាងសំឡេង និងមីស៊ីលតម្រង់គោលដៅ ក៏ដូចជាយានដ្រូនផងដែរ ដោយស្នើឲ្យមានប្រព័ន្ធនេះឲ្យបានរួចរាល់ ក្នុងរយៈពេលប្រហែល ៣ឆ្នាំ ពោលគឺជិតចុងបញ្ចប់នៃអាណត្តិទី២ របស់លោកតែម្ដង។ ប៉ុន្តែដំណើរការនេះត្រូវប្រឈមនឹងបញ្ហាបច្ចេកទេស និងនយោបាយជាច្រើន។
សម្រាប់លោក Carney នាយករដ្ឋមន្ត្រីកាណាដាថ្មីរូបនេះ បានព្រមានថា ការគំរាមកំហែងពីមីស៊ីលថ្មី និងកើនឡើងជាលំដាប់ «អាចមកពីលំហអាកាស នាពេលអនាគតដ៏ខ្លី»។ លោកបានសង្កត់ធ្ងន់ថា៖ «យើងចាត់ទុកការគំរាមកំហែងទាំងនោះជាបញ្ហាធ្ងន់ធ្ងរ ដែលមិនអាចមើលរំលងបាន»។
កាណាដា និងសហរដ្ឋអាមេរិក គឺជាដៃគូក្នុងវិស័យការពារទ្វីប តាមរយៈទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (Norad)។ ក្នុងពេលជាមួយគ្នានោះ ទីក្រុង Ottawa កំពុងសម្លឹងដល់ការធ្វើពិពិធកម្មភាពជាដៃគូពាណិជ្ជកម្ម និងសន្តិសុខរបស់ខ្លួន នៅពេលដែលទំនាក់ទំនងដ៏រឹងមាំកាណាដា-អាមេរិក បានជួបនឹងភាពអាប់អួ៕
