អ្នកចាត់ការក្រុម Manchester United លោក Ruben Amorim បាននិយាយថា លោកមានទំនុកចិត្តថានៅតែជាមនុស្សត្រឹមត្រូវសម្រាប់ការងារនៅ Old Trafford បន្ទាប់ពីក្លឹបចាញ់ក្រុម Tottenham Hotspur វគ្គផ្តាច់ព្រ័ត្រ Europa League ប៉ុន្តែយល់ព្រមលាលែងដោយគ្មានសំណងកិច្ចសន្យា ប្រសិនបើថ្នាក់ដឹកនាំក្លិបត្រូវការអ្នកថ្មី
Amorim និងក្រុមការងារ សង្ឃឹមថាការឈ្នះជើងឯក Europa League នឹងស្រោចស្រង់រដូវកាលដ៏អាក្រក់ Manchester United នៅ Premier League ដែលធ្លាក់ដល់ចំណាត់ថ្នាក់លេខ ១៦។
ផ្ទុយទៅវិញ មួយគ្រាប់ជ័យជំនះរបស់ Brennan Johnson ជួយឱ្យ Spurs ទទួលបានកៅអីមួយក្នុងក្របខ័ណ្ឌ Champions League រដូវកាលក្រោយ តែ Man United ត្រូវទំនេរពីអឺរ៉ុប។
“នៅពេលនេះ វាបានស្តែងពីជោគវាសនារបស់ខ្ញុំ តែចាំមើលទាំងអស់គ្នា ខ្ញុំតែងតែបើកចំហរជានិច្ច ទទួលយកគ្រប់យ៉ាង ហើយខ្ញុំមិនការពារខ្លួនឯងឡើយ។ ប្រសិនបើក្រុមប្រឹក្សាក្លិប និងអ្នកគាំទ្រគិតថា ខ្ញុំមិនសមកាន់តំណែងបន្ត ខ្ញុំនឹងចាកចេញភ្លាមដោយមិនមានការចរចាអ្វីទាំងអស់ និងមិនទាមទារសំណងកិច្ចសន្យាផង” នេះជាការលើកឡើងរបស់អតីតគ្រូបង្វឹក Sporting Lisbon ក្នុងសន្និសីតសារព័ត៌មានក្រោយចប់ការប្រកួត។
បរាជ័យវគ្គផ្តាច់ព្រ័ត្រ Europa League ខកខានឱកាសនៅ Champions League រដូវកាលក្រោយ មានន័យថា Manchester United បាត់បង់ផលប្រយោជន៍ហិរញ្ញវត្ថុ ៨០ ទៅ ១០០ លានផោន ដែលបានមកពីការសិទ្ធិផ្សាយផ្ទាល់ ការលក់សំបុត្រ និងពាណិជ្ជកម្ម៕
អត្ថបទ៖នាង សុភាវុធ