សម្រាប់បណ្ដាមេដឹកនាំពិភពលោក ការទទួលបានការអញ្ជើញទៅកាន់ការិយាល័យប្រធានាធិបអាមេរិក គឺ Oval Office ធ្លាប់ជារង្វាន់ដ៏មានតម្លៃដែលប្រាថ្នាចង់បាន។ ប៉ុន្តែក្រោមការដឹកនាំរបស់លោក Donald Trump ទីនេះបានក្លាយជាកន្លែងឆ្លងកាត់ សម្រាប់បញ្ហាប្រឈមនយោបាយដ៏ក្ដៅគគុក។
ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa បានក្លាយជាជនរងគ្រោះចុងក្រោយបង្អស់ សម្រាប់ហេតុការណ៍ ដែលត្រូវបានចាប់ផ្តើមដោយជម្លោះដ៏ល្បីល្បាញរបស់លោក Trump ជាមួយមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky កាលពីខែកុម្ភៈ។

លោក Trump បានប្រែក្លាយអ្វីដែលជា «ការថតរូបជាបន្តបន្ទាប់» ខាងការទូត ក្រោមការដឹកនាំរបស់អ្នកកាន់តំណែងមុន គឺលោក Joe Biden ឲ្យទៅជាការដាក់ទណ្ឌកម្ម ដោយការធ្វើតេស្តការគ្រប់គ្រងអារម្មណ៍រយៈពេលមួយម៉ោង នៅកន្លែងបំពេញការងាររបស់ប្រធានាធិបតីអាមេរិក បានកើតមានឡើង ក្នុងពេលមានការផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍។
លោក Trump បានបង្កើតនូវអ្វីដែលគ្រប់គ្នានឹកស្មានមិនដល់ នៅពេលដែលលោកស្វាគមន៍លោក Zelensky កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ នាពេលនោះ ភាពតានតឹងបានលេចឡើង នៅពេលលោក Trump បានបន្ទោសប្រធានាធិបតីអ៊ុយក្រែនថា មិនបានដឹងគុណចំពោះជំនួយយោធាអាមេរិកដែលផ្ដល់ឲ្យ ដើម្បីយកទៅទប់ទល់នឹងរុស្ស៊ី។
ប៉ុន្តែដំណើរទស្សនកិច្ចរបស់លោក Ramaphosa ទៅកាន់ការិយាល័យ Oval Office នៅថ្ងៃទី២១ ខែឧសភា គឺកៀកបំផុតនឹងការកើតហេតុការណ៍នោះម្ដងទៀត ហើយលើកនេះច្បាស់ណាស់វាត្រូវបានគ្រោងទុក។ លោក Ramaphosa បានទៅដល់ជាមួយកីឡាករវាយកូនហ្គោលលំដាប់កំពូល នៅអាហ្វ្រិកខាងត្បូង លោក Ernie Els និងលោក Retief Goosen ដោយសង្ឃឹមថា នឹងអាចបំពេញចិត្តលោក Trump ដែលងប់ងុលនឹងកីឡាហ្គោល ឲ្យលុបចោលការអះអាងគ្មានមូលដ្ឋាន ពាក់ព័ន្ធនឹង «អំពើប្រល័យពូជសាសន៍» ប្រឆាំងនឹងកសិករជនជាតិស្បែកសអាហ្វ្រិកខាងត្បូង។ ប៉ុន្តែទឹកមុខរបស់លោក បង្ហាញពីជ្រួលច្រាល់ បន្ទាប់ពីមានសំណួរ អំពីបញ្ហានោះ លោក Trump បាននិយាយទៅកាន់ជំនួយការភ្លាមៗឲ្យបិទភ្លើង និងចាក់វីដេអូ។ វីដេអូមួយរបស់អ្នកនយោបាយអាហ្វ្រិកខាងត្បូងដែលស្រែកថា «សម្លាប់កសិករ» ចាប់ផ្ដើមចាក់លើអេក្រង់ នៅចំហៀងបន្ទប់។ លោក Ramaphosa សម្លឹងមើលអេក្រង់ទាំងស្រឡាំងកាំង។
តែយ៉ាងណាក្ដី មិនដូចលោក Zelensky ដែលបានប្រកែកជាមួយនឹងលោក Trump ប្រធានាធិបតីអាហ្រ្វិកខាងត្បូងភាគច្រើន បានរក្សាភាពស្ងប់ស្ងាត់ ខណៈដែលលោកបានប្រកែកករណីនេះ។ ហើយរូបលោកក៏មិនត្រូវបានស្នើឲ្យចាកចេញពីសេតវិមាន ដូចលោក Zelensky ដែរ៕
