រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃពុធ (ទី២១ ខែឧសភា) បានព្យាយាមពង្វាង ក្នុងការហៅប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា ជា «ឧក្រិដ្ឋជនសង្គ្រាម» ដោយនិយាយថា អាទិភាព គឺការចរចា ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន។
អំឡុងសវនាការសភាដ៏តានតឹង តំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ លោក Bill Keating បានរំលឹកពីការរិះគន់ដ៏ក្តៅគគុករបស់លោក Rubio ចំពោះកំណត់ត្រារបស់លោក Putin នៅពេលដែលអ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិករូបនេះ បានធ្វើតួនាទីសមាជិកព្រឹទ្ធសភា ហើយបានសួរលោកថា តើលោកនៅតែជឿថា លោក Putin គឺជា «ឧក្រិដ្ឋជនសង្គ្រាម» ដែរ ឬទេ។

លោក Rubio បានឆ្លើយតបថា៖ «ឧក្រិដ្ឋកម្មត្រូវបានប្រព្រឹត្ត នៅក្នុងសង្រ្គាមលើអ៊ុយក្រែន ហើយនឹងត្រូវមានការទទួលខុសត្រូវ ចំពោះការប្រព្រឹត្តិនោះ ប៉ុន្តែគោលដៅរបស់យើង នាពេលនេះ គឺដើម្បីបញ្ចប់សង្រ្គាមនោះ។ ខ្ញុំសូមប្រាប់អ្នកថា ជារៀងរាល់ថ្ងៃដែលសង្រ្គាមនៅតែបន្តមាន មនុស្សត្រូវបានសម្លាប់ មនុស្សកាន់តែច្រើនត្រូវមានពិការភាព ហើយនិយាយដោយស្មោះត្រង់ ឧក្រិដ្ឋកម្មសង្រ្គាមបន្ថែមទៀត កំពុងត្រូវបានប្រព្រឹត្ត»។
លោក Keating បានចោទលោក Rubio ថា បាននិយាយ «មិនស៊ីចង្វាក់គ្នា» និង «មិនចំគោលដៅ»។ លោក Rubio បន្ទាប់មកបានឆ្លើយតបទៅកាន់សមាជិករួមបក្សសាធារណរដ្ឋម្នាក់ ដោយនិយាយថា មានសារៈសំខាន់ណាស់ក្នុងការពិភាក្សាជាមួយប្រទេសរុស្ស៊ី។ លោកបានបញ្ជាក់ថា៖ «ប្រសិនបើមិនមានការប្រាស្រ័យទាក់ទង រវាងអាមេរិក និងរុស្ស៊ី ក្នុងឆ្នាំ១៩៦១ ទេនោះ ពិភពលោកនឹងបញ្ចប់ជាមិនខាន អំឡុងវិបត្តិមីស៊ីលគុយបា»៕
