នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយថា សហរដ្ឋអាមេរិក បានសន្យាថា នឹងពិនិត្យមើលការអំពាវនាវរបស់ខ្លួន ដែលស្នើឲ្យទម្លាក់អត្រាពន្ធទាប ទោះបីជាប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ប្រឹងប្រែងពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយដៃគូប្រកួតប្រជែងធំជាងគេបំផុតរបស់ទីក្រុងវ៉ាស៊ីនតោនក៏ដោយ។

លោក Datuk Seri Anwar បានសរសើរលោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសម៉ាឡេស៊ី កាលពីពាក់កណ្តាលខែមេសា និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៣១ ពោលគឺប្រហែលមួយសប្តាហ៍ មុនពេលម៉ាឡេស៊ីចាប់ផ្តើមពិភាក្សាជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក អំពីពន្ធគយ។
អំឡុងសន្និសីទ នៅឯរដ្ឋធានីរដ្ឋបាល Putrajaya កាលពីល្ងាចថ្ងៃពុធ (ទី២១ ខែឧសភា) លោក Anwar បានលើកឡើងថា៖ «អំឡុងពេលមានការចរចាកម្រិតខ្ពស់ជាមួយសហរដ្ឋអាមេរិក យើងបានស្វាគមន៍ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។ យើងរីករាយដែលសហរដ្ឋអាមេរិក មិនលើកឡើងពីបញ្ហានេះ»។
គួរបញ្ជាក់ថា ម៉ាឡេស៊ីកំពុងចរចាជាមួយអាមេរិក ដើម្បីធ្វើឲ្យអត្រាពន្ធលើការនាំចេញរបស់ខ្លួនធ្លាក់ចុះដល់កម្រិតសូន្យ ពោលគឺធ្លាក់ពី ២៤ភាគរយ ដែលត្រូវបានដាក់ដោយប្រធានាធិបតី Donald Trump។ ជាថ្នូរវិញ ទីក្រុងវ៉ាស៊ីនតោនចង់ឲ្យម៉ាឡេស៊ីដោះស្រាយបញ្ហាអតុល្យភាពពាណិជ្ជកម្ម របាំងមិនមែនពន្ធគយ និងការពារបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកកុំឲ្យត្រូវបានបញ្ជូនទៅកាន់ភាគី និងការវិនិយោគផ្សេងទៀត៕

