ខ្សែបម្រើ Real Madrid និងអង់គ្លេស Jude Bellingham ត្រូវរំពឹងថាអវត្តមានរហូតដល់រដូវកាលថ្មី នៅពេលវះកាត់របួសស្មារួចរាល់។
កីឡាករវ័យ ២១ ឆ្នាំរូបនេះមានបញ្ហារបួសស្មារ៉ាំរៃតាំងពីឆ្នាំ ២០២៣ ខណៈ Real Madrid បានដាក់កាលវិភាគ វះកាត់របួសនេះក្រោយបញ្ចប់ការប្រកួត Club World Cup នៅសហរដ្ឋអាមេរិក។
អតីតខ្សែបម្រើ Birmingham រូបនេះត្រូវបានគេឃើញពាក់អាវជំនួញស្មានៅខាងក្នុងនៅពេលប្រកួតឱ្យក្រុមជម្រើសជាតិ និង Real Madrid ហើយក៏បានអវត្តមានការប្រកួតមួយចំនួននៅចុងឆ្នាំ ២០២៣ នោះក្រោយរបួសស្មាដែលទទួលរងពេលលេងទល់នឹង Rayo Vallecano។
Club World Cup ដែលនឹងរៀបចំនៅសហរដ្ឋអាមេរិកនឹងចាប់ផ្តើមពីថ្ងៃទី ១៥ ខែមិថុនាបញ្ចប់នៅថ្ងៃទី ១៣ ខែកក្កដា។
ក្រោយព្រឹត្តិការណ៍ចប់ Bellingham នឹងត្រូវធ្វើការវះកាត់ភ្លាមៗ ដែលមានន័យថាគេនឹងអវត្តមានពីការប្រកួត Preseason ទាំងអស់ និងយ៉ាងហោចណាស់អវត្តមានពីការប្រកួតរដូវកាលថ្មី ៦ សប្តាហ៍ដំបូង ក៏ដូចជាអវត្តមានពីក្រុមជម្រើសជាតិអង់គ្លេសប្រកួតជម្រុះ World Cup ទល់នឹងអង់ដូរ៉ា និងស៊ែបនៅខែកញ្ញាផងដែរ។
រំលឹកថា Jude Bellingham ជាសមាជិកសំខាន់របស់ Real Madrid តាំងពីផ្ទេរពី Dortmund តម្លៃ ១១៥ លានផោន ដោយបានជួយ Real Madrid ឈ្នះជើងឯក La Liga និង Champions League នៅរដូវកាលដំបូងជាមួយនឹងការស៊ុតបញ្ចូលទី ២៣ គ្រាប់នៃការបង្ហាញខ្លួន ៤៣ ប្រកួត។
រដូវកាលនេះ Bellingham ស៊ុតបញ្ចូលទីបានត្រឹម ១៤ គ្រាប់ប៉ុណ្ណោះក្នុងចំណោម ៥២ ប្រកួតខណៈ Real Madrid បាត់បង់ពាន La Liga ទៅ Barcelona និងធ្លាក់ត្រឹមវគ្គ ៨ ក្រុម Champions League ក្រោមស្នាដៃ Arsenal៕
អត្ថបទ៖នាង សុភាវុធ