ទីក្រុងធំបំផុតទី ២ Lahore របស់ប្រទេសប៉ាគីស្ថាន ស្ថិតក្នុងស្ថានភាពអាកាសធាតុក្តៅខ្លាំងកាលពីថ្ងៃពុធ ស្របពេលដែលអ្នកស្រុកព្យាយាមរក្សាជាតិទឹកនៅក្នុងខ្លួន ក្រោយពេលសីតុណ្ហភាពកើនឡើងរហូតដល់ ៤៣អង្សាសេ ។
នៅដើមសប្តាហ៍នេះ ការិយាល័យឧតុនិយមប៉ាគីស្ថាន បានចេញសេចក្តីប្រកាសអាសន្នរលកកម្តៅ ដោយពួកគេបញ្ជាក់ថា សីតុណ្ហភាពនឹងកើនឡើងចំនួន ៤-៦អង្សាសេ លើសពីកម្រិតធម្មតានៅខេត្ត Sindh, Punjab និងខេត្ត Balochistan ចាប់ពីថ្ងៃអង្គាររហូតដល់ថ្ងៃសៅរ៍ ។

ពួកគេបានណែនាំផងដែរឲ្យប្រជាពលរដ្ឋចៀសវាងការត្រូវពន្លឺថ្ងៃយូរ ហើយនិងបន្តរក្សាជាតិទឹកនៅក្នុងខ្លួន ។
ខណៈពេលនោះដែរ ក្រុមអាជ្ញាធរបានជំរុញឲ្យសាធារណជនចាត់វិធានការប្រុងប្រយ័ត្នជាមុន ជាពិសេសអំឡុងពេលថ្ងៃរសៀល ។ ប្រជាពលរដ្ឋត្រូវបានណែនាំឲ្យស្នាក់នៅក្នុងផ្ទះ ហើយការព្យាបាលពិសេសត្រូវបានណែនាំផងដែរសម្រាប់កុមារ និងមនុស្សចាស់ ហើយនិងមនុស្សមានជំងឺជាប់ខ្លួន ។
មន្ទីរពេទ្យនៅតាមតំបន់រងផលប៉ះពាល់ដោយសាររលកកម្តៅ ត្រូវបានស្នើសុំឲ្យមានការប្រុងជើងការខ្ពស់ ជាមួយនឹងការរៀបចំការសង្រ្គាះបន្ទាន់ ដើម្បីដោះស្រាយករណីកើតមានសុរិយរោគ ឬខះជាតិទឹក ។
សូមបញ្ជាក់ថា ប៉ាគីស្ថាននឹងជួបរដូវក្តៅរយៈពេលយូរ និងក្តៅខ្លាំង ជាពិសេសនៅតំបន់ភាគខាងត្បូងប្រទេស ៕

