ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល កាលពីថ្ងៃពុធ (ទី២១ ខែឧសភា) បានរាយការណ៍ថា តុលាការកំពូលរបស់អ៊ីស្រាអែល បានប្រកាសថា ការសម្រេចរបស់រដ្ឋាភិបាល ក្នុងការបណ្តេញប្រមុខសេវាចារកម្ម Shin Bet របស់ប្រទេស គឺ «ខុសច្បាប់ និងផ្ទុយនឹងច្បាប់»។
នៅក្នុងសេចក្តីសម្រេចរបស់ខ្លួន តុលាការកំពូលបានកំណត់ថា ការបណ្តេញចេញត្រូវបានធ្វើឡើងដោយបំពានច្បាប់ ហើយថា នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu មានទំនាស់ផលប្រយោជន៍ ដោយសារការស៊ើបអង្កេតលើករណីរឿងអាស្រូវ «Qatar-Gate»។

គួររំលឹកថា លោក Netanyahu បានប្រកាសកាលពីខែមីនាថា លោកកំពុងបណ្តេញប្រមុខ Shin Bet លោក Ronen Bar ដែលបង្កឲ្យមានការតវ៉ាទូទាំងប្រទេស។ អ្នករិះគន់បានលើកឡើងថា រដ្ឋាភិបាលកំពុងបំផ្លាញស្ថាប័នរដ្ឋសំខាន់ៗ និងបង្កគ្រោះថ្នាក់ដល់មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែល។
លោក Bar បានប្រកាសលាលែងពីតំណែងកាលពីខែមេសា ដោយនិយាយថា លោកនឹងចុះចេញពីតំណែងនៅថ្ងៃទី១៥ ខែមិថុនា ពោលគឺ ៦សប្តាហ៍បន្ទាប់ពីលោក Netanyahu បានព្យាយាមបញ្ចប់តួនាទីរបស់លោក។
ក្រោយមកតុលាការកំពូល បានព្យួរការប៉ុនប៉ងរបស់រដ្ឋាភិបាល ក្នុងការបណ្តេញលោក Bar ដែលបាននិយាយថា លោក Netanyahu ចង់បណ្តេញលោក ដោយសារការបដិសេធសំណើ ដែលបានរួមបញ្ចូលទាំងការធ្វើចារកម្ម ចំពោះបាតុករអ៊ីស្រាអែល និងការរំខានដល់ការកាត់ក្តីពុករលួយរបស់នាយករដ្ឋមន្ត្រី ជាការចោទប្រកាន់ដែលលោក Netanyahu បានច្រានចោល៕
