សារព័ត៌មានក្នុងស្រុករាយការណ៍កាលពីថ្ងៃពុធថា ខ្យល់ព្យុះ បានវាយប្រហារតំបន់ភាគខាងជើង និងតំបន់ភាគខាងកើតរដ្ឋ Alabama របស់សហរដ្ឋអាមេរិក បណ្តាលឲ្យបាក់រលំបង្គោលខ្សែភ្លើង បំផ្លិចបំផ្លាគរថយន្ត អគារ ហើយមនុស្ស ២នាក់ បានរងរបួស ។

នៅទីក្រុង Gurley បំណែកអគារត្រូវបានមើលឃើញរាយប៉ាយនៅលើរថយន្តជាច្រើនគ្រឿង ហើយក្រុមមន្រ្តីរាយការណ៍ពីការខូចខាតទ្រង់ទ្រាយធំលើអគារមួយចំនួន ។
ព្យុះកួច ត្រូវបានគេរាយការណ៍ថាកើតមានផងដែរនៅទីនោះ ប៉ុន្តែពុំមានការបញ្ជាក់ថាតើទីក្រុង Gurley បានរងការវាយប្រហារដោយផ្ទាល់ពីព្យុះកួចឬយ៉ាងណានោះទេ ។
បង្គោលភ្លើង និងដើមឈើត្រូវបានគេរាយការណ៍ថាបានបាក់ដួលរលំនៅតាមតំបន់សហគមន៍ជាច្រើន ។
យោងតាមការអះអាងរបស់ក្រុមហ៊ុនអគ្គិសនីរដ្ឋ Alabama បានឲ្យដឹងថា មនុស្សរាប់ម៉ឹននាក់គ្មានអគ្គិសនីប្រើប្រាស់ ។
ខណៈពេលនោះដែរ ក្រុមព្យាករណ៍ឧតុនិយម រំពឹងថា អាកាសធាតុអាក្រក់នឹងមិនកើតឡើងនោះទេនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ប៉ុន្តែខ្យល់ព្យុះ អាចនឹងកើតមានវិញនៅថ្ងៃសៅរ៍ ៕
