នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែឧសភា) នេះ បាននិយាយថា ប៉ាគីស្ថាននឹងមិនទទួលបានទឹកពីទន្លេដែលឥណ្ឌាមានសិទ្ធិគ្រប់គ្រងនោះឡើយ ដោយការលើកឡើងនេះកើតមានក្នុងរយៈពេល ១ខែបន្ទាប់ពីការវាយប្រហារដ៏អាក្រក់បំផុត នៅតំបន់កាស្មៀររបស់ឥណ្ឌា បាននាំឲ្យទីក្រុងញូវដេលី ផ្អាកសន្ធិសញ្ញាចែករំលែកទឹកទន្លេដ៏សំខាន់មួយ រវាងប្រទេសជិតខាងទាំង២។
ការព្យួរសន្ធិសញ្ញាទឹក Indus Waters Treaty ដែលត្រូវបានចរចាដោយធនាគារពិភពលោកក្នុងឆ្នាំ១៩៦០ គឺស្ថិតក្នុងចំណោមវិធានការមួយចំនួនដែលឥណ្ឌាបានប្រកាសប្រឆាំងនឹងប៉ាគីស្ថាន កាលពីខែមុន បន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃទី២២ ខែមេសា បានសម្លាប់បុរស ២៦នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរអ្នកកាន់សាសនាហិណ្ឌូ។

ទីក្រុងញូវដេលីបានលើកឡើងថា ការវាយប្រហារនេះត្រូវបានគាំទ្រដោយប៉ាគីស្ថាន ជាការចោទប្រកាន់ដែលទីក្រុងអ៊ីស្លាម៉ាបាដបានបដិសេធ ហើយបន្ទាប់មកប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំង២ បានមានការប្រយុទ្ធគ្នាផ្នែកយោធាដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលជិត ៣ទសវត្សរ៍ មុនពេលព្រមព្រៀងឈានដល់បទឈប់បាញ់ កាលពីថ្ងៃទី១០ ខែឧសភា។
អំឡុងព្រឹត្តិការណ៍សាធារណៈមួយ នៅរដ្ឋ Rajasthan ភាគពាយ័ព្យដែលមានព្រំប្រទល់ជាប់ប៉ាគីស្ថាន លោក Modi បាននិយាយថា៖ «ប៉ាគីស្ថាននឹងត្រូវទទួលបានផលវិបាកយ៉ាងធ្ងន់ធ្ងរ សម្រាប់រាល់ការវាយប្រហារភេរវកម្ម។ កងទ័ពប៉ាគីស្ថាននឹងប្រឈមជាមួយផលវិបាក។ សេដ្ឋកិច្ចប៉ាគីស្ថាននឹងរងផលប៉ះពាល់»។
គួរបញ្ជាក់ថា សន្ធិសញ្ញា Indus ផ្តល់ទឹក ៨០ភាគរយដល់កសិដ្ឋានរបស់ប៉ាគីស្ថាន ពីទន្លេចំនួន ៣ ដែលហូរចេញពីឥណ្ឌា ប៉ុន្តែរដ្ឋមន្ត្រីហិរញ្ញវត្ថុប៉ាគីស្ថាន បានបញ្ជាក់នៅក្នុងខែនេះថា ការផ្អាកចំពោះសន្ធិសញ្ញានេះ នឹងមិនផ្តល់ «ផលប៉ះពាល់ភ្លាមៗ» ណាមួយឡើយ៕
