នៅថ្ងៃព្រហស្បតិ៍នេះ ពលរដ្ឋអ៊ីស្រាអែលរស់នៅក្នុងទីក្រុងហ្សេរុយសាឡឹម បានបង្ហាញក្តីបារម្ភរបស់ពួកគេចំពោះសុវត្ថិភាពនៅបរទេស ក្រោយសមាជិកស្ថានទូតអ៊ីស្រាអែល ២នាក់ ត្រូវបានបាញ់សម្លាប់ក្នុងព្រឹត្តការណ៍នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។
ក្រុមមន្រ្តីនិយាយថា បុគ្គលិកស្ថានទូតអ៊ីស្រាអែល ២នាក់ ត្រូវបានបាញ់សម្លាប់ដោយខ្មាន់កាំភ្លើងម្នាក់ ពេលពួកគេចាកចេញពីព្រឹត្តការណ៍នៅសារមន្ទីរជ្វីហ្វន ស្ថិតក្នុងទីក្រុងវ៉ា់ស៊ីនតោន កាលពីយប់ថ្ងៃពុធ ហើយជនសង្ស័យ ត្រូវបានឃាត់ខ្លួន ។

ក្រុមមន្រ្តីបន្តថា ជនសង្ស័យម្នាក់ដែលត្រូវបានផ្តល់អត្តសញ្ញាណថាមានឈ្មោះ Elias Rodriguez អាយុ ៣០ឆ្នាំ មកពីទីក្រុង Chicago បានស្រែកពាក្យ “ដោះលែងប៉ាឡេស្ទីន ដោះលែងប៉ាឡេស្ទីន” ក្រោយពេលត្រូវបានឃាត់ខ្លួន ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយនៅថ្ងៃព្រហស្បតិ៍នេះថា សន្តិសុខត្រូវតែបង្កើននៅតាមស្ថានទូតអ៊ីស្រាអែលជុំវិញពិភពលោក បន្ទាប់ពីឧបទ្ទេវហេតុមួយនេះ ។
លោក Ziv Halsband គឺជាពលរដ្ឋមួយរូបវ័យ ៣២ឆ្នាំរស់នៅក្នុងទីក្រុងហ្សេរុយសាឡឹម និយាយថា ពួកយើងភ្ញាក់ឡើងឃើញព័ត៌មានដ៏គួរឲ្យភ័យរន្ធត់មួយនេះ ហើយពួកយើងយល់ឃើញថា ជនជាតិជ្វីហ្វនៅជុំវិញពិភពលោក ត្រូវការការពារខ្លួនឯង ហើយត្រូវយល់ថា សង្រ្គាមអ៊ីស្រាអែលសំខាន់ មិនមែនត្រឹមតែសម្រាប់ពួកយើងមួយប៉ុណ្ណោះទេ ។
លោកបន្តថា ដូចក្រុមហាម៉ាសបានធ្វើកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣អញ្ចឹង ពួកគេព្យាយាមធ្វើវានៅជុំវិញពិភពលោក ហើយពួកយើងសង្ឃឹមថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងបន្តជួយពួកយើង និងការពារពួកយើង ជាពិសេសនៅសហរដ្ឋអាមេរិក ហើយពួកយើងចង់ប្រាកដថា ពួកយើងអាចដើរហើរនៅជុំវិញពិភពលោកបាន ដោយមានទំនុកចិត្តខ្ពស់ ៕

