នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Anwar Ibrahim កាលពីថ្ងៃពុធម្សិលមិញ បានជំរុញឲ្យមានការចូលរួមស៊ីជម្រៅជាងនេះរបស់អាស៊ានជាមួយភាគីជម្លោះទាំងអស់របស់មីយ៉ាន់ម៉ា ដោយលោកចាត់ទុកការរញ្ជួយដីថ្ងៃទី ២៨ ខែមីនា ថាជាឱកាសដ៏សំខាន់មួយ ក្នុងការធ្វើឲ្យរស់រានឡើងវិញទំនាក់ទំនងការទូតក្នុងតំបន់ ។
ម៉ាឡេស៊ីគឺជាប្រធានបច្ចុប្បន្នរបស់អាស៊ានមានសមាជិក ១០ប្រទេស ។ លោក Anwar និយាយថា លោកទទួលបានការគាំទ្រជាឯកច្ឆន្ទពីសមភាគីអាស៊ាន ដើម្បីបន្តការសន្ទនា ស្របពេលកើតមានគ្រោះរញ្ជួយដីវាយប្រហារមីយ៉ាន់ម៉ា ដែលបានសម្លាប់មនុស្សជាង ៣.៧០០នាក់ ។
លោកនិយាយថា ពេលលោកពិគ្រោះយោបល់ជាមួយសហការីអាស៊ានទាំងអស់ គ្មានសហការីណាម្នាក់និយាយថា ត្រូវប្រុងប្រយ័ត្ននោះទេ ។ ពួកគេទាំងអស់គ្នានិយាយថា វាជាការល្អក្នុងការប្រើប្រាស់ការរញ្ជួយដីនេះជាឱកាសដើម្បីចូលរួមជាមួយភាគីជម្លោះទាំងអស់នៅមីយ៉ាន់ម៉ា ។
ស្របពេលសង្កត់ធ្ងន់ពីតម្រូវការសន្ទនាគ្នានោះ លោក Anwar និយាយថា ម៉ាឡេស៊ីគ្មានបំណងដាក់លក្ខខណ្ឌលើមីយ៉ាន់ម៉ានោះទេ ។
លោក Anwar ប្រកាសថា ម៉ាឡេស៊ីបានផ្តួចផ្តើមកិច្ចពិភាក្សាក្រៅផ្លូវការជាមួយក្រុមជាច្រើនពាក់ព័ន្ធជាមួយជម្លោះមីយ៉ាន់ម៉ា ធ្វើឲ្យការបោះជំហានេះក្លាយជាការប៉ុនប៉ងដ៏សំខាន់ដំបូងមួយ ចំពោះការចូលរួមរបស់អាស៊ាន ក្នុងការលើកឡើងវិបត្តិមួយនេះ ។
លោកបន្តថា អ្វីដែលសំខាន់ម្តងទៀត គឺសេចក្តីថ្លៃថ្នូររបស់មនុស្ស អ្នកត្រូវតែបញ្ឈប់ការកាប់សម្លាប់មនុស្ស ឬដុតកម្ទេចផ្ទះសម្បែងប្រជាពលរដ្ឋ ៕