មនុស្សយ៉ាងតិច ២១នាក់ បានជាប់ទៅណាមិនរួច បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំង បានបង្កឲ្យមានបំណាក់ដីនៅក្នុងខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែឧសភា) នេះ ដោយយោធាត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះ។
ដោយដកស្រង់របាយការណ៍បឋម ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា បំណាក់ដីបានកើតមាននៅភូមិ Qingyang ដែលធ្វើឲ្យមនុស្ស ១៩នាក់មកពី ៨គ្រួសារផ្សេងគ្នា ជាប់នៅទីនោះ។
ចំណែកទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា មនុស្ស ២នាក់ទៀត បានជាប់នៅទីក្រុងតូច Changshi ក្បែរនោះ។ អាជ្ញាធរក៏បានចេញការព្រមាន អំពីហានិភ័យនៃការមានគ្រោះមហន្តរាយភូមិសាស្ត្រក្នុងតំបន់ក្បែរនោះផងដែរ។
គួរបញ្ជាក់ថា ប្រទេសចិនកំពុងប្រឈមនឹងរលកកម្ដៅក្ដៅជាងមុន និងយូរជាងមុន ក៏ដូចជាភ្លៀងធ្លាក់ខ្លាំងញឹកញាប់ជាងមុន និងមិនអាចទាយទុកមុនបាន ដោយសារបម្រែបម្រួលអាកាសធាតុ។ អាជ្ញាធរបានឲ្យដឹងថា ប្រទេសនេះងាយរងគ្រោះដោយសារផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ព្រោះតែចំនួនប្រជាជនដ៏ច្រើនរបស់ខ្លួន៕