លោក Antoine Renard គឺជាអ្នកតំណាង និងជាប្រធានប្រចាំតំបន់របស់កម្មវិធីស្បៀងអាហារពិភពលោក(WFP)បាននិយាយថា នៅមិនទាន់មានជំនួយណាមួយចូលដល់ពលរដ្ឋនៅក្នុងតំបន់ហ្កាហ្សានោះទេ ស្របពេលដែលជនប៉ាឡេស្ទីននៅក្នុងដែនដីបិទច្រកមួយនេះ រង់ចាំការមកដល់ស្បៀងអាហារតាមការសន្យា បើទោះបីជាមានសម្ពាធអន្តរជាតិ និងក្នុងស្រុកកើនឡើងក៏ដោយ លើរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីអនុញ្ញាតឲ្យជំនួយបន្ថែមទៀតចូលដល់ពលរដ្ឋដែលស្ថិតលើមាត់ជ្រោះនៃគ្រោះទុរ្ភិក្ស ក្រោយការបិទច្រករយៈពេល ១១សប្តាហ៍ ។
កាន់ឆ្នាំងទទេរ បុរស និងស្រ្តី រង់ចាំជាមួយកូនៗរបស់ពួកគេនៅក្រៅផ្ទះបាយស៊ុបបណ្តោះអាសន្ននៅទីក្រុង Khan Younis ដោយសង្ឃឹមថានឹងទទួលបានអាហារពេលថ្ងៃរបស់ពួកគេ ។
ប៉ុន្តែភាគច្រើននៃអ្នកដែលបាននិយាយជាមួយទីភ្នាកងារព័ត៌មានរ៉យទ័រ និយាយថា ពួកគេពុំទទួលបានអាហារណាមួយសោះឡើយ ។
យោងតាមតួលេខយោធាអ៊ីស្រាអែល បានឲ្យដឹងថា រថយន្តដឹកជំនួយតិចជាង ១០០គ្រឿង បានធ្វើដំណើរចូលទៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃចន្ទរហូតមក ពេលដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu យល់ព្រមដកចេញការបិទច្រកដែលធ្វើឲ្យពលរដ្ឋហ្កាហ្សាពិបាករស់រាន ។
ជាមួយនឹងការវាយប្រហារតាមច្រកអាកាស និងការផ្លោងគ្រាប់កាំភ្លើងធំរបស់រថក្រោះនៅតែបន្តមានគោលដៅលើដែនដីបិទច្រកមួយនេះ សម្លាប់មនុស្សរាប់សិបនាក់កាលពីថ្ងៃពុធ ហាងដុតនំក្នុងស្រុក និងប្រតិបត្តិករដឹកជញ្ជូន និយាយថា ពួកគេនៅមិនទាន់ឃើញមានការផ្គត់ផ្គង់ម៉្សៅ និងគ្រឿងចាំបាច់ផ្សេងទៀតនោះទេ ។
ការចាប់ផ្តើមការវាយប្រហារឡើងវិញរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាចាប់តាំងពីខែមីនា ក្រោយបទឈប់បាញ់ដ៏ផុយស្រួលរយៈពេល ២ខែ បានធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីបណ្តាប្រទេសជាច្រើននៅលើពិភពលោក ហើយសូម្បីតែសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់អ៊ីស្រាអែល ក៏បានបង្ហាញសញ្ញាបាត់បង់ការអត់ធ្មត់ចំពោះលោក Netanyahu ផងដែរ ។
យោងតាមការអះអាងរបស់អាជ្ញាធរសុខភាពហ្កាហ្សា បានឲ្យដឹងថា យុទ្ធនាករសឹករបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនជាង ៥៣.៦០០នាក់ និងបានបំផ្លិចបំផ្លាញតំបន់ហ្កាហ្សាស្រ្ទីបស្ទើរតែទាំងស្រុង ជាទីដែលក្រុមជំនួយនិយាយថា សញ្ញានៃកង្វះខាតអាហារូបត្ថម្ភធ្ងន់ធ្ងរ មានលក្ខណៈទ្រង់ទ្រាយធំ ៕