អធិការបតីលោក Friedrich Merz នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែឧសភា) នេះ បាននិយាយថា ប្រទេសអាល្លឺម៉ង់ និងដៃគូរបស់ខ្លួន បានប្តេជ្ញាការពារដែនដីទាំងអស់របស់សមាជិកអង្គការណាតូ (NATO) ដោយការលើកឡើងនេះកើតមានអំឡុងពេលបំពេញទស្សនកិច្ច នៅទីក្រុង Vilnius ខណៈដែលលោកបានកត់សម្គាល់ពីការដាក់ពង្រាយកងពលតូចអាល្លឺម៉ង់នៅប្រទេសលីទុយអានី ដើម្បីពង្រឹងព្រំដែនខាងកើតរបស់សម្ព័ន្ធភាព។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងនៅពេលដែលបណ្ដាមេដឹកនាំនៃអង្គការណាតូ ត្រៀមជួបប្រជុំនៅខែក្រោយ ដើម្បីកំណត់គោលដៅថ្មី ស្តីពីការបំពេញកង្វះខាតផ្នែកសមត្ថភាព និងដើម្បីដោះស្រាយបញ្ហា ដែលថា តើសមាជិកគួរចំណាយកម្រិតណាលើវិស័យការពារជាតិ បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
លោក Merz បានប្រាប់អ្នកសារព័ត៌មានថា៖ «រួមគ្នាជាមួយដៃគូរបស់យើង យើងប្តេជ្ញាការពារដែនដីរបស់សម្ព័ន្ធមិត្ត ប្រឆាំងនឹងការឈ្លានពានណាមួយ។ ហើយសន្តិសុខនៃសម្ព័ន្ធមិត្តបាល់ទិករបស់យើង ក៏ជាសន្តិសុខរបស់យើងដែរ»។
ពាក់ព័ន្ធនឹងគោលដៅនៃកិច្ចប្រជុំកំពូលនាពេលខាងមុខ លោក Merz បានប្រាប់ថា៖ «សមត្ថភាពការពាររបស់អឺរ៉ុប ត្រូវតែត្រូវបានពង្រឹងក្នុងរយៈពេលវែង ហើយឧស្សាហកម្មការពារជាតិរបស់យើង ត្រូវតែពង្រីកសមត្ថភាពរបស់ខ្លួន»។
គួរបញ្ជាក់ថា កិច្ចប្រឹងប្រែង ដើម្បីជំរុញការប្តេជ្ញាចិត្តរបស់អង្គការ NATO កើតឡើងក្រោមសម្ពាធពីលោកប្រធានាធិបតី Donald Trump ដែលបានត្អូញត្អែរថា សហរដ្ឋអាមេរិកចំណាយច្រើនពេក សម្រាប់សន្តិសុខរបស់អឺរ៉ុប៕