នៅថ្ងៃព្រហស្បតិ៍នេះ តុលាការថៃបានបញ្ជាអតីតនាយករដ្ឋមន្រ្តីនិរទេសខ្លួនឯងលោកស្រី Yingluck Shinawatra សងការខូចខាតចំនួន ១០ពាន់លានបាត(ស្មើនឹង ៣០៥លានដុល្លារ) ជុំវិញគម្រោងសន្យាទិញស្រូវ-អង្ករដ៏ខ្ជីខ្ជាយ ដែលមើលឃើញលោកស្រីត្រូវបានកាត់ទោសកាលពីឆ្នាំ ២០១៧ ឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ សម្រាប់ការធ្វេសប្រហែស ។
លោកស្រី Yingluck ដែលស្ថិតនៅក្នុងចំណោមសមាជិក ៤រូបរបស់គ្រួសារមហាសេដ្ឋី Shinawatra បានក្លាយជានាយករដ្ឋមន្រ្តីថៃនោះ កំពុងរស់នៅបរទេស ដើម្បីចៀសវាងការជាប់ពន្ធនាគារ សម្រាប់ការខកខានការការពារអំពើពុករលួយនៅក្នុងគម្រោងស្រូវ-អង្ករ ដែលបានចំណាយឲ្យកសិកររហូតដល់ ៥០ភាគរយលើសតម្លៃទីផ្សារ ហើយនិងបានធ្វើឲ្យបាត់បង់ថវិការដ្ឋយ៉ាងច្រើន ។
កម្មវិធីដែលជាគោលនយោបាយដ៏សំខាន់របស់គណបក្ស Pheu Thai របស់លោកស្រី បានធ្វើរដ្ឋខាតបង់ថវិការាប់ពាន់លានដុល្លារ និងនាំឲ្យស្រូវ-អង្កររាប់លានតោនលក់មិនចេញ ។ ថៃគឺជាប្រទេសនាំចេញស្រូវ-អង្ករធំបំផុតលំដាប់ទី ២របស់ពិភពលោក ។
សេចក្តីសម្រេចនៅថ្ងៃព្រហស្បតិ៍នេះ ពាក់ព័ន្ធនឹងបណ្តឹងឧទ្ធរណ៍របស់លោក Yingluckជំទាស់ បទបញ្ជាលើកមុនឲ្យបង់ថ្លៃខូចខាត ៣៥ពាន់លានបាត(ស្មើនឹង ១,០៧ពាន់លានដុល្លារ)ដល់ក្រសួងហិរញ្ញវត្ថុថៃ ។
សូមបញ្ជាក់ថា លោកស្រី Yingluck វ័យ៥៧ឆ្នាំ បានឡើងកាន់អំណាចកាលពីឆ្នាំ ២០១១ ក្រោយឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ហើយនិងបានលាលែងពីតំណែងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលរដ្ឋាភិបាលរបស់លោកស្រី ត្រូវបានទម្លាក់ពីអំណាចដោយរដ្ឋប្រហារឆ្នាំ ២០១៤ ។
លោកស្រីត្រូវជាម្តាយមីងបង្កើតរបស់នាយករដ្ឋមន្រ្តីថៃបច្ចុប្បន្នគឺលោកស្រី Paetongtarn Shinawatraនិងជាប្អូនស្រីពៅបង្កើតរបស់អតីតនាយករដ្ឋមន្រ្តីថៃលោក Thaksin Shinawatra ៕