លោក Thorsten Frei នាយសេនាធិការនៃអធិការបតីថ្មីរបស់ប្រទេសអាល្លឺម៉ង់ បានប្រាប់សារព័ត៌មាន Reuters ថា អឺរ៉ុបចាំបាច់ត្រូវងើបចេញពីតំបន់សុខស្រួលរបស់ខ្លួន ហើយពិចារណាដល់ការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងបន្ថែមទៀតលើរុស្ស៊ី ដូចជាបម្រាមលើឧស្ម័ន ឬសារធាតុអ៊ុយរ៉ាញ៉ូមជាដើម ឬទាញយកប្រយោជន៍ពីទ្រព្យសម្បត្តិរដ្ឋរបស់រុស្ស៊ីដែលត្រូវបានបង្កក។
គួរបញ្ជាក់ថា សហភាពអឺរ៉ុប (EU) និងអង់គ្លេស បានប្រកាសដាក់ទណ្ឌកម្មថ្មីរុស្ស៊ី កាលពីថ្ងៃអង្គារ (ទី២០ ខែឧសភា) ជុំវិញការលុកលុយរបស់ប្រទេសនេះលើអ៊ុយក្រែន ដោយផ្ដោតជាពិសេសលើ «កងនាវាស្រមោល» នៃនាវាដឹកប្រេង និងក្រុមហ៊ុនហិរញ្ញវត្ថុ ដែលបានជួយឲ្យទីក្រុងមូស្គូគេចផុតពីផលប៉ះពាល់នៃទណ្ឌកម្មផ្សេងទៀត។
អំឡុងបទសម្ភាសមួយ នៅឯការិយាល័យថ្មីរបស់លោក ក្នុងការិយាល័យអធិការបតី លោក Frei បាននិយាយថា ជុំបន្ទាប់នៃទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលបច្ចុប្បន្នកំពុងត្រូវបានរៀបចំឡើង ត្រូវតែរឹងមាំ ក្នុងនោះរួមមានទាំងវិធានការមួយចំនួនដែលអាចប៉ះពាល់ដល់រដ្ឋសហភាពអឺរ៉ុបផ្សេងទៀតផងដែរ។
អ្នកនយោបាយអភិរក្សនិយមរូបនេះ បានលើកឡើងថា៖ «យើងត្រូវតែចាកចេញពីតំបន់សុខស្រួលរបស់យើង ហើយចាប់ផ្ដើមវិធានការថ្មី ដែលពិតណាស់ត្រូវទៅឲ្យហួសពីស្ថានភាពបច្ចុប្បន្ននេះ»។
នៅពេលត្រូវបានសួរថា តើការលើកឡើងនោះមានន័យដល់ការហាមឃាត់ការនាំចូលរបស់អឺរ៉ុប ពាក់ព័ន្ធនឹងឧស្ម័ន ឬសារធាតុអ៊ុយរ៉ាញ៉ូម និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋរបស់រុស្ស៊ីដែលត្រូវបានបង្កកមែនទេ លោក Frei បានឆ្លើយតបថា៖ «ទាំងនេះ ពិតណាស់គឺជាប្រភេទនៃវិធានការទាំងឡាយ ដែលច្បាស់ណាស់នឹងធ្វើឲ្យប៉ះពាល់ដល់រុស្ស៊ី ហើយនោះគឺជាអ្វីដែលយើងចង់សម្រេចបាន ដោយសារការដាក់ទណ្ឌកម្ម»៕