ឆ្មាំបដិវត្តន៍របស់ទីក្រុងតេអេរ៉ង់ នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែឧសភា) នេះ បានប្រាប់ថា អ៊ីស្រាអែលនឹងទទួលបាន «ការឆ្លើយតបយ៉ាងធ្ងន់ធ្ងរ និងខ្លាំងក្លា» ប្រសិនបើប្រទេសនេះសម្រេចវាយប្រហារអ៊ីរ៉ង់ ដោយការព្រមាននេះកើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ CNN បានរាយការណ៍ពីព័ត៌មានចារកម្មរបស់សហរដ្ឋអាមេរិក ដែលបង្ហាញថា អ៊ីស្រាអែលកំពុងរៀបចំវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា អ្នកនាំពាក្យរបស់ឆ្មាំបដិវត្តន៍ លោក Alimohammad Naini បាននិយាយថា៖ «ពួកគេកំពុងព្យាយាមបំភ័យយើងជាមួយនឹងការបង្កសង្រ្គាម ប៉ុន្តែពួកគេកំពុងបង្កើតកំហុសឆ្គង ដោយសារពួកគេមិនបានដឹងច្បាស់នោះលើយ អំពីការគាំទ្រដ៏មានឥទ្ធិពលពីប្រជាជន និងយោធា ដែលសាធារណរដ្ឋឥស្លាម អាចប្រមូលផ្តុំនៅក្នុងករណីមានសង្រ្គាម»។
គួរដឹងថា ទីក្រុងតេអេរ៉ង់ និងក្រុងវ៉ាស៊ីនតោន នឹងធ្វើកិច្ចចរចានុយក្លេអ៊ែរជុំទី៥ នៅថ្ងៃសុក្រ ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ស្របពេលមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងក្លា ជុំវិញការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅអ៊ីរ៉ង់ ដែលសហរដ្ឋអាមេរិក លើកឡើងថា ជាផ្លូវដែលអាចឆ្ពោះទៅរកការផលិតគ្រាប់បែកនុយក្លេអ៊ែរ។ អ៊ីរ៉ង់បដិសេធមិនមានបំណងបែបនេះឡើយ។
យ៉ាងណាក្ដី ដោយដកស្រង់សម្តីមន្ត្រីចារកម្ម ប្រព័ន្ធផ្សព្វផ្សាយ CNN បានបន្ថែមថា គេមិនទាន់ច្បាស់នៅឡើយទេថា តើមេដឹកនាំអ៊ីស្រាអែល បានធ្វើការសម្រេចចិត្តចុងក្រោយហើយ ឬនៅ ជុំវិញវិធានការយោធា ហើយមានការខ្វែងគំនិតគ្នានៅក្នុងរង្វង់រដ្ឋាភិបាលអាមេរិក អំពីថា តើអ៊ីស្រាអែល ចុងក្រោយនឹងសម្រេចវាយប្រហារ ឬយ៉ាងណានោះ៕