រដ្ឋមន្រ្តីសុខាភិបាលប៉ាឡេស្ទីនលោក Majed Abu Ramadan និយាយនៅថ្ងៃព្រហស្បតិ៍នេះថា កុមារ និងមនុស្សចាស់ ២៩នាក់ បានស្លាប់ដោយសារភាពអត់ឃ្លាន ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅតំបន់ហ្កាហ្សា ។
លោក Majed និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ ពួកយើងបាត់បង់អាយុជីវិតកុមារ ទារក និងមនុស្សចាស់ចំនួន ២៩នាក់ ហើយពួកគេបានស្លាប់ដោយសារភាពអត់ឃ្លាន ។
អ៊ីស្រាអែលបានបិទការចូលឱសថ ស្បៀងអាហារ និងការផ្គត់ផ្គង់ប្រេងចូលទៅកាន់តំបន់ហ្កាហ្សា ចាប់តាំងពីដើមខែមីនារហូតមក ជំរុញឲ្យក្រុមអ្នកជំនាញអន្តរជាតិ ព្រមានពីការជិតកើតមានគ្រោះទុរ្ភិក្សនៅក្នុងដែនដីមួយនេះ ដែលមានជនប៉ាឡេស្ទីន ២,៣លាននាក់ មុនសង្រ្គាមផ្ទុះឡើង ។
យោងតាមតួលេខយោធាអ៊ីស្រាអែល បានឲ្យដឹងថា រថយន្តដឹកជំនួយតិចជាង ១០០គ្រឿង បានធ្វើដំណើរចូលទៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃចន្ទរហូតមក ពេលដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu យល់ព្រមដកចេញការបិទច្រកដែលធ្វើឲ្យពលរដ្ឋហ្កាហ្សាពិបាករស់រាន ។
ជាមួយនឹងការវាយប្រហារតាមច្រកអាកាស និងការផ្លោងគ្រាប់កាំភ្លើងធំរបស់រថក្រោះនៅតែបន្តមានគោលដៅលើដែនដីបិទច្រកមួយនេះ សម្លាប់មនុស្សរាប់សិបនាក់កាលពីថ្ងៃពុធ ហាងដុតនំក្នុងស្រុក និងប្រតិបត្តិករដឹកជញ្ជូន និយាយថា ពួកគេនៅមិនទាន់ឃើញមានការផ្គត់ផ្គង់ម៉្សៅ និងគ្រឿងចាំបាច់ផ្សេងទៀតនោះទេ ។
បន្ថែមពីលើកង្វះខាតជំនួយ ការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លាឡើងនៅតំបន់ហ្កាហ្សា ។ កាលពីសប្តាហ៍មុន យោធាអ៊ីស្រាអែល បានប្រកាសចាប់ផ្តើមយុទ្ធនាការសឹកថ្មីលើក្រុមហាម៉ាស ហើយក្រុមគ្រូពេទ្យបឋមនៅដែនដីមួយនេះនិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៥០០នាក់ ក្នុងរយៈពេល ៨ថ្ងៃកន្លងមកនេះ ៕