នៅតាមភូមិនជុំវិញទីក្រុង Bukavu អ្នកស្រុកនាំគ្នាកាប់បំផ្លាញព្រៃឈើដើម្បីធ្វើធ្យូងអុស ជាហេតុធ្វើឲ្យតម្លៃធ្យូងអុសធ្លាប់តែខ្ពស់ បែរជាធ្លាក់ចុះយ៉ាងគំហុក និងបង្កក្តីបារម្ភដល់ការខូចប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ ។
នៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវបានមើលឃើញការហក់ឡើងខ្ពស់អំពើហិង្សា ចាប់តាំងពីដើមឆ្នាំ ២០២៥រហូតមក ពេលដែលក្រុមឧទ្ទាម M23គាំទ្រដោយប្រទេសរ៉្វាន់ដា ដណ្តើមបានការគ្រប់គ្រង និងកាន់កាប់ទីក្រុងជាច្រើននៅខេត្ត North Kivu និងខេត្ត South Kivu ។
ការគ្រប់គ្រងរបស់ក្រុមឧទ្ទាម នាំឲ្យមានការបើកផ្លូវឡើងវិញដែលធ្លាប់តែបិទដោយប៉ុស្តិ៍ត្រួតពិនិត្យ និងការល្បាតរបស់ក្រុមជីវពល ជាហេតុជំរុញឲ្យមានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងធ្វើធ្យូងអុស និងការដឹកជញ្ជូនធ្យូងអុស ។
យោងតាមការអះអាងរបស់ឈ្មួញក្នុងស្រុកម្នាក់ បានឲ្យដឹងថា ធ្យូងអុសធ្លាប់លក់ក្នុងតម្លៃចាប់ពី ៣២ដុល្លារ ដល់ ៤៨ដុល្លារ ក្នុងទម្ងន់ ១០០គ.ក ប៉ុន្តែឥឡូវវាមានតម្លៃក្រោម ២០ដុល្លារប៉ុណ្ណោះ ។
លោក Sifa Bahati គឺជាអាជីវករមួយរូប និយាយថា នោះគឺជាវិធីដែលព្រះជួយពួកយើង ។ ពួកយើងអាចចិញ្ចឹមកូនៗរបស់ពួកយើងបាន ។
ខណៈពេលនោះដែរ ក្រុមអភិរក្សព្រៃឈើបានព្រមានថា ការកើនឡើងចំនួនធ្យូងអុស និងការកាប់បំផ្លាញព្រៃឈើ គឺជាការទន្រ្ទានតំបន់ទ្រនាប់របស់ឧទ្យានជាតិ Kahuzi-Biega ដែលជាតំបន់បេតិគភណ្ដពិភពលោករបស់អង្គការ UNESCO ។
អនុរក្សឧទ្យាន Kahuzi-Biega រាយការណ៍ថា ដើមឈើអាយុកាលរាប់សវត្សរ៍ ត្រូវបានគេកាប់បំផ្លាញ គំរាមកំហែងដល់ជម្រករស់នៅរបស់ស្វាឪជិតផុតពូជ Grauer និងសត្វព្រៃដទៃទៀត ។
ក្រុមបរិស្ថានបានអំពាវនាវដល់ក្រុមអាជ្ញាធរឧទ្ទាម M23ត្រូវតែជំរុញច្បាប់ព្រៃឈើមានស្រាប់ ហើយនិងទប់ស្កាត់ការកាប់អុសខុសច្បាប់ ។
ដោយពុំអាចធ្វើអន្តរាគមន៍បាន ពួកគេបានព្រមានថា ព្រៃឈើនៅតំបន់ភាគខាងកើតកុងហ្គោ និងពពួកសត្វដែលជ្រកកោននៅទីនោះ អាចប្រឈមនឹងការធ្លាក់ចុះមិនអាចត្រឡប់មកវិញបាន ។
អ្នកស្រី Josue Aruna គឺជាសកម្មជនបរិស្ថានមួយរូប និយាយថា បើសិនជាទង្វើបែបនេះនៅតែបន្តទៀត ពួកយើងនឹងបាត់បង់ឧទ្យានជាតិអភិរក្សមួយនេះ ដែលជាជម្រកដ៏ស្តុកស្តមសម្រាប់ស្វាឪ ៕