រូបភាពវីដេអូឃ្លីបបញ្ចេញដោយអង្គការសហប្រជាជាតិ(UN)ឃើញកុមារនៅទីក្រុងហ្កាហ្សា ឈរតម្រង់ជួររង់ចាំអាហារអស់រយៈពេលជាច្រើនម៉ោង ពេលដែលសម្ពាធកើនឡើងលើរដ្ឋាភិលបាលអ៊ីស្រាអែល ដើម្បីអនុញ្ញាតឲ្យជំនួយបន្ថែមទៀតចូលដល់ពលរដ្ឋដែលស្ថិតលើមាត់ជ្រោះនៃគ្រោះទុរ្ភិក្ស ក្រោយការបិទច្រករយៈពេល ១១សប្តាហ៍ ។
UNនិយាយកាលពីថ្ងៃពុធថា គ្មានជំនួយមនុស្សធម៌ត្រូវបានចែកចាយទៅកាន់តំបន់ហ្កាហ្សាស្រ្ទីបនោះទេ រយៈពេល ២ថ្ងៃក្រោយអ៊ីស្រាអែលចាប់ផ្តើមអនុញ្ញាតឲ្យចែកចាយជំនួយមានចំនួនកំណត់ចូលទៅក្នុងដែនដីបិទច្រកមួយនេះ ឆ្លងកាត់តាមច្រកព្រំដែន Kerem Shalom ។
លោក Mohammad Al-Helou គឺជាអ្នកគ្រប់គ្រងផ្ទះបាយសហគមន៍នៅទីក្រុងហ្កាហ្សា និយាយប្រាប់ UNថា ពួកយើងចម្អិនអាហារ ៥០០ខ្ទះ ក្នុង ១ថ្ងៃ ប៉ុន្តែពាក់កណ្តាលនៃអ្នកដែលមកទទួលអាហារ ទៅវិញដោយគ្មានអាហារនោះទេ ។
ក្មេងស្រី Mais ដែលឈររង់ចាំនៅក្រៅផ្ទះបាយ និយាយថា នាងបានមកទីនេះតាំងពីព្រឹកមកម្ល៉េះ ។ នាងប្រញាប់ទៅទទួលយកអាហារដែរ តែនាងមិនអាចទទួលបានវានោះទេ ។
ការចាប់ផ្តើមការវាយប្រហារឡើងវិញរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាចាប់តាំងពីខែមីនា ក្រោយបទឈប់បាញ់ដ៏ផុយស្រួលរយៈពេល ២ខែ បានធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីបណ្តាប្រទេសជាច្រើននៅលើពិភពលោក ហើយសូម្បីតែសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់អ៊ីស្រាអែល ក៏បានបង្ហាញសញ្ញាបាត់បង់ការអត់ធ្មត់ចំពោះលោក Netanyahu ផងដែរ ។
យោងតាមការអះអាងរបស់អាជ្ញាធរសុខភាពហ្កាហ្សា បានឲ្យដឹងថា យុទ្ធនាករសឹករបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនជាង ៥៣.៦០០នាក់ និងបានបំផ្លិចបំផ្លាញតំបន់ហ្កាហ្សាស្រ្ទីបស្ទើរតែទាំងស្រុង ជាទីដែលក្រុមជំនួយនិយាយថា សញ្ញានៃកង្វះខាតអាហារូបត្ថម្ភធ្ងន់ធ្ងរ មានលក្ខណៈទ្រង់ទ្រាយធំ ។
ខណៈពេលនោះដែរ អង់គ្លេស បានផ្អាកការជជែកពិភាក្សាជាមួយអ៊ីស្រាអែលលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយសហភាពអឺរ៉ុប និយាយថា ពួកគេនឹងពិនិត្យមើលឡើងវិញទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច ជុំវិញស្ថានភាពដ៏គ្រោះថ្នាក់នៅតំបន់ហ្កាហ្សា ៕

