រដ្ឋមន្ត្រីសុខាភិបាលរបស់អាជ្ញាធរប៉ាឡេស្ទីនបាននិយាយថា កុមារ និងមនុស្សចាស់ចំនួន ២៩ នាក់បានស្លាប់ដោយសារការអត់ឃ្លាននៅតំបន់ហ្កាហ្សាក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ខណៈការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨៥ នាក់ចាប់តាំងពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ស្របពេលមានការវាយលុកយោធាជាថ្មីនៅទូទាំងដែនដីនេះ។ ប្រភពវេជ្ជសាស្ត្រ ហ្កាហ្សា បានប្រាប់ទូរទស្សន៍ Al Jazeera ថា អ្នកស្លាប់ និងរបួសកំពុងបន្តកើនឡើងនៅពេលមានការទម្លាក់គ្រាប់បែកឥតឈប់ឈរ។

ការព្រមាននេះបានកើតឡើង ខណៈជំនួយស្បៀងអាហារត្រូវគេរំពឹងថានឹងមានការចែកចាយកាន់តែទូលំទូលាយទៅដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាក្នុងសប្តាហ៍នេះ បន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមអនុញ្ញាតឱ្យមានការដឹកជញ្ជូនជំនួយចូលមានកំណត់ ក្រោយការបិទជិតបីខែបន្ទាប់ពីសម្ពាធពិភពលោក លើអ៊ីស្រាអែលឲ្យបើកផ្លូវ និងបញ្ឈប់ការវាយលុកដែលទើបនឹងពង្រីកថ្មីៗ។
លោក Jens Laerke អ្នកនាំពាក្យរបស់ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រថយន្តដឹកជំនួយប្រហែល៩០ គ្រឿងក្នុងចំណោមជិត២០០គ្រឿងដែលដឹកថ្នាំពេទ្យ ម្សៅស្រូវសាលី និងការផ្គត់ផ្គង់អាហារូបត្ថម្ភបានចូលទៅក្នុងហ្កាហ្សា។ លោក Laerke បាននិយាយថា ក្រុមចែកជំនួយកំពុងប្រឈមនឹងបញ្ហាសំខាន់ៗក្នុងការចែកចាយជំនួយ ដោយសារតែអសន្តិសុខ ហានិភ័យនៃការលួច និងបញ្ហាសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែល។
ទោះយ៉ាងណាក៏ដោយ អឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាពុំទាន់បានទទួលការបញ្ជូនជំនួយដែលបានឆ្លងកាត់ព្រំដែននោះទេ ហើយថាការបញ្ជូនរថយន្តដឹកជំនួយតិចតួចបំផុតប្រៀបបានការហៅមនុស្សឲ្យទៅស្លាប់ដោយសារតែហានិភ័យនៃការប្រមូលផ្តុំគ្នានេះ៕


