លោក Tiff Macklem ទេសាភិបាលធនាគារកណ្តាលរបស់កាណាដា បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ (២២ ឧសភា) ថា លោករំពឹងថាកំណើននៅត្រីមាសទីពីរ នឹង "ខ្សោយបន្តិច" ជាងត្រីមាសទី១ ហើយថា តួលេខអាចនឹងកាន់តែអាក្រក់នៅក្នុងត្រីមាសបន្តបន្ទាប់ ប្រសិនបើភាពមិនច្បាស់លាស់ជុំវិញពន្ធគយរបស់សហរដ្ឋអាមេរិក នៅតែបន្ត។

លោក Macklem ដែលកំពុងថ្លែងសុន្ទរកថាព័ត៌មានតាមទូរទស្សន៍រួមជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុកាណាដា ដោយលើកពីសេចក្តីថ្លែងការណ៍រួមមួយ បាននិយាយថា ភាពមិនប្រាកដប្រជាបានធ្លាក់ចុះបន្តិចពិតមែន ប៉ុន្តែនៅតែត្រូវប្រឹងប្រែងបន្ថែមទៀត។
ធនាគារកណ្តាលកាណាដា កាលពីខែមុន បានព្យាករថា កំណើនផលិតផលក្នុងស្រុកសរុប GDP នៅត្រីមាសទីមួយប្រចាំឆ្នាំ នឹងមាន ១,៨% ប៉ុន្តែមិនបានផ្តល់ការព្យាករផ្សេងទៀតទេ ដោយលើកពីភាពមិនច្បាស់លាស់លើគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក។ ស្ថិតិកាណាដា នឹងចេញទិន្នន័យ GDP ត្រីមាសទី១ នៅថ្ងៃទី៣០ ខែឧសភា ខាងមុខ ហើយបានព្យាករកំណើនប្រចាំឆ្នាំក្នុងត្រីមាសទី១ មានតែ ១,៥% ប៉ុណ្ណោះ។
លោក Macklem បានសង្កត់ធ្ងន់លើក្ដីរំពឹងដែលថាការនាំចេញនឹងកើនឡើង ដោយសារក្រុមហ៊ុនបានប្រញាប់បញ្ជូនទំនិញទៅសហរដ្ឋអាមេរិក មុនពេលពន្ធចូលជាធរមាន ប៉ុន្តែភាពមិនប្រាកដប្រជាកំពុងតែរារាំងដល់ការវិនិយោគ និងការប្រើប្រាស់ដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងអាក្រក់៕

