បណ្ដារដ្ឋមន្ត្រីជាន់ខ្ពស់នៃប្រទេសហៃទី បានអំពាវនាវសុំឱ្យមានការគាំទ្រផ្នែកសន្តិសុខជាបន្ទាន់ពីប្រទេសជិតខាង នៅក្នុងកិច្ចប្រជុំរបស់អង្គការរដ្ឋអាមេរិក (OAS) កាលពីថ្ងៃព្រហស្បតិ៍ (២២ ឧសភា) ខណៈសហរដ្ឋអាមេរិក បានផ្តល់សញ្ញាថាខ្លួននឹងមិនបន្តផ្តល់មូលនិធិបច្ចុប្បន្នដើម្បីទប់ស្កាត់ក្រុមជនអន្ធពាលប្រដាប់អាវុធរបស់ប្រទេសនេះទៀតទេ។

ក្រុមជនអន្ធពាលដ៏មានឥទ្ធិពលបំពាក់ដោយអាវុធធុនធ្ងន់ ដែលអង្គការសហប្រជាជាតិជឿថា ត្រូវបានជួញដូរភាគច្រើនពីសហរដ្ឋអាមេរិក និងឆ្លងកាត់ព្រំដែនគោកជាមួយសាធារណរដ្ឋដូមីនិក បានបង្កើនការគ្រប់គ្រងភាគច្រើននៃរដ្ឋធានី និងបានពង្រីកទៅតំបន់ខ្ពង់រាបកណ្តាល និងតំបន់កសិកម្មសំខាន់ ដោយបានជម្លៀសប្រជាជនជាង ១លាននាក់។

លោកស្រី Barbara Feinstein ជំនួយការរងផ្នែកកិច្ចការសមុទ្រការ៉ាអ៊ីបរបស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងកិច្ចប្រជុំនេះថា "ខណៈដែលអាមេរិក នៅតែប្តេជ្ញាចិត្តក្នុងការជួយប្រជាជនហៃទីឱ្យសម្រេចបាននូវសន្តិភាព សន្តិសុខ និងវិបុលភាពដែលពួកគេសមនឹងទទួលបាននោះ សហរដ្ឋអាមេរិកក៏មិនអាចបន្តរ៉ាប់រងបន្ទុកផ្នែកហិរញ្ញវត្ថុដ៏សំខាន់បែបនេះបានទៀតដែរ"។

សហរដ្ឋអាមេរិក បានកាត់បន្ថយជំនួយពីបរទេសជាច្រើន និងបានបង្កកមូលនិធិមួយចំនួនដែលខ្លួនបានសន្យាថានឹងគាំទ្របេសកកម្មសន្តិភាពនៅក្នុងប្រទេសហៃទី ហើយកាលពីដើមសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានផ្តល់យោបល់ថា អង្គការ OAS គួរតែដើរតួនាទីធំជាងនេះ ក្នុងការគាំទ្រសន្តិសុខរបស់ហៃទី ដូចជាការចល័តកម្លាំងជាដើម៕