ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២២ ឧសភា) ថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី កំពុងបង្កើត "តំបន់ទ្រនាប់សន្តិសុខ" នៅតាមបណ្តោយព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែន។

លោក Putin លើកឡើងថា "រូបលោកបាននិយាយរួចហើយថា ការសម្រេចចិត្តមួយត្រូវបានធ្វើឡើងដើម្បីបង្កើតតំបន់ទ្រនាប់សន្តិសុខចាំបាច់នៅតាមព្រំដែន ហើយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី កំពុងដោះស្រាយបញ្ហានេះ ខណៈចំណុចបាញ់ប្រហាររបស់សត្រូវកំពុងត្រូវបានបង្ក្រាបយ៉ាងសកម្ម និងការងារកំពុងដំណើរការ"។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Heorhii Tykhyi និយាយថា ផែនការនេះគឺមានភាព «កម្រោលខ្លាំងណាស់» ហើយបានចង្អុលបង្ហាញថា «រុស្ស៊ី ជាឧបសគ្គនៃកិច្ចប្រឹងប្រែងសន្តិភាព»។
ការប្រកាសកាលពីថ្ងៃព្រហស្បតិ៍នេះ ត្រូវធ្វើឡើងមុនការដោះដូរអ្នកទោសដែលរំពឹងទុករវាងអ៊ុយក្រែន និងរុស្ស៊ី នៅថ្ងៃសុក្រនេះ ជាលទ្ធផលនៃកិច្ចពិភាក្សាទល់មុខគ្នាកាលពីសប្តាហ៍មុននៅទួរគី ដែលក៏ជាលើកទីមួយហើយសម្រាប់ភាគីទាំងពីរជួបពិភាក្សាផ្ទាល់នៅកម្រិតណាមួយ ក្នុងពេល ៣ឆ្នាំមកនេះ។

ប្រធានាធិបតីរុស្ស៊ីរូបនេះ ពីមុនធ្លាប់បានលើកឡើងពីលទ្ធភាពនៃការបង្កើត "តំបន់ទ្រនាប់" នៅក្នុងខែមីនា អំឡុងដំណើរទស្សនកិច្ចទៅតំបន់ Kursk របស់រុស្ស៊ីក្នុងពេលនោះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃពុធថា ការប្រកាសនេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក Putin បានទៅទស្សនកិច្ចតំបន់ Kursk របស់រុស្ស៊ីម្ដងទៀត ដែលជាលើកដំបូងចាប់តាំងពីបានអះអាងថាដណ្តើមយកតំបន់នេះទាំងស្រុងពីក្នុងដៃកងកម្លាំងអ៊ុយក្រែន៕